ក្រសួងអប់រំ កំពុងស្វែងរកសាលារៀនឱ្យនិស្សិតកម្ពុជាប្រមាណ ៨០០នាក់ ដែលវិលត្រឡប់មកពីថៃ បានចូលរៀនដោយឥតបង់ថ្លៃ
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយនិស្សិត អាហារូបករណ៍ដែលត្រឡប់មកបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្នុងប្រទេសកម្ពុជា។
ក្រសួងអប់រំ បានឱ្យដឹងថា និស្សិតខ្មែរដែលកំពុងសិក្សាក្នុងប្រទេសថៃ ទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានសរុបចំនួន ១៨៧១នាក់។ ក្នុងនោះ មកទល់នឹងពេលនេះ មាននិស្សិតចំនួន ៨០០នាក់ បានសម្រេចចិត្តត្រឡប់ មកស្រុកកំណើតវិញ ខណៈនិស្សិតមួយចំនួនទៀត ក៏កំពុងមានគម្រោង ធ្វើដំណើរត្រឡប់មកកម្ពុជាវិញដែរ ។
គិតត្រឹមថ្ងៃទី១២ ខែសីហា មាននិស្សិតចំនួន ៦៥៩នាក់ បានដាក់ពាក្យស្នើសុំអាហារូបករណ៍ ពីក្រសួង ក្នុងនោះលើកទី១ មានចំនួន ១៧៩នាក់ និងលើកទី២ មានចំនួន ៤៨៧នាក់ (បណ្ឌិត២២នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៥៥នាក់, បរិញ្ញាបត្រ ៥៧៩នាក់, បរិញ្ញាបត្ររង, និងផ្សេងៗ២នាក់ទៀត)។
ក្រសួងអប់រំបញ្ជាក់ថា ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀន ដោយឥតគិតថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថាន ឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។ ទន្ទឹមនោះ ក្រសួង ក៏ជំរុញទៅនិស្សិតដែលមិនទាន់បានទាក់ទងគ្រឹះស្ថានសិក្សា គួររួសរាន់ទៅសាកសួរ និងពិគ្រោះយោបល់ ។
ថ្លែងក្នុងកម្មវិធីសំណេះសំណាលខាងលើ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ដើម្បីប្រែក្លាយខ្លួនទៅជាទំពាំងស្នងឫស្សី ជាយុវជនឆ្នើម ជាអ្នកដឹកនាំជំនាន់ក្រោយ និងជាមូលធនមនុស្សដ៏មានសក្តានុពល សម្រាប់ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ឱ្យរឹងមាំជានិរន្តរ៍ ។
រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ចំពោះការប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅក្នុងប្រទេសដែរ។
គួរជម្រាបថា កាលពី ១៤មិថុនា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅពលរដ្ឋ និងនិស្សិត ឱ្យត្រឡប់មកកម្ពុជាវិញ ក្រោយស្ថានភាពកម្ពុជា-ថៃ កំពុងមានកម្តៅ។ កាលនោះ សម្តេចប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលត្រឡប់មកពីថៃផងដែរ៕
ដោយ ៖ វណ្ណលុក


