គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់លើពលរដ្ឋគោលដៅសរុបជិត ៥លាននាក់
(ភ្នំពេញ)៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាព គ្របដណ្តប់ លើពលរដ្ឋគោលដៅសរុបសរុបជិត ៥លាននាក់ ឬស្មើ ២៨% នៃពលរដ្ឋសរុប ។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាជាតិ ប្រមាណ ១ ០២៨ ប៊ីលានរៀល ឬស្មើ ២៥៧ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្ម វិធីចំនួន ៩ ធំៗ។ ដោយឡែក នៅក្នុងទិដ្ឋភាពសន្តិសុខសង្គម, របបសន្តិសុខសង្គមគ្របដណ្តប់ ពលរដ្ឋប្រមាណ ៣,១ លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិកាជាតិប្រមាណ ១ ៧០០ ប៊ីលានរៀល ស្មើ ៤២៥ លានដុល្លារ បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គម ចំនួន ៣ ធំៗ រួមមាន៖ ១) របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត, មន្ត្រីសា ធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស., ២) របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់កម្មករ និយោជិត និងមន្ត្រីសាធារណៈ, និង ៣) របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។
នេះបើយោងតាម ការលើកឡើងរបស់លោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោងស្ដីពី«ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមជនងាយរងគ្រោះអំពីប្រព័ន្ធគាំពារសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ» ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមដល់សាធារណជន ពិសេសក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ ក្មេងស្រី ជនមានពិការភាព និងកុមារ។
លោកស្រី សាវតា ច័ន្ទគ្រឺស្នា នាយិកានៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា តួរនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយជាចំណែកមិនអាចខ្វះបានលើការផ្សព្វផ្សាយ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម សម្រាប់ ១០ឆ្នាំទៅមុខទៀត។ អង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា នឹងបន្ដប្រើប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណីនឹងទំនើប ដោយការផលិតកម្មវិធីវិទ្យុគ្រប់ទម្រង់ និងការចុះផ្សព្វផ្សាយតាមសហគមន៍ ដើម្បីឆ្លើយតបនឹងគោលបំណងនៃគម្រោងនេះ។ ទោះបែបនេះក្ដី ការលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយព័ត៌មានអំពីប្រព័ន្ធគាំពារសង្គមនេះ មិនមេនអង្គការមណ្ឌលព័ត៌មានស្រ្ដីកម្ពុជាតែមួយអាចធ្វើទៅបាននោះទេ គឺតម្រូវឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់ផងដែរ ៕






អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា