រុស្ស៊ី-កូរ៉េខាងជើងសន្យាពង្រឹងទំនាក់ទំនង មុនជំនួបកំពូល Putin-Trump

ព្យុងយ៉ាង ៖ មេដឹកនាំរុស្ស៊ី និងកូរ៉េខាងជើង បានបង្ហាញពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំខ្លាំងឡើង ប៉ុន្មានថ្ងៃមុនពេលលោកប្រធានាធិបតី ពូទីន ហោះទៅជួបមុខលោកប្រធានាធិបតី ត្រាំ ដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលមួយនៅរដ្ឋអាឡាស្កា។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា ការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំងពីរនេះ កើតឡើងក្នុងអំឡុងការនិយាយទូរស័ព្ទរវាងលោក គីម ជុងអ៊ុន និង លោក វ្ល៉ាឌីមៀ ពូទីន ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ នៅថ្ងៃទី១២ ខែសីហា ដោយប្រមុខរដ្ឋទាំងពីរបានបញ្ជាក់ឡើងវិញពីឆន្ទៈពង្រឹងភាពជាដៃគូរកាន់តែខ្លាំងក្លាថែមទៀតនាពេលអនាគត។

នាឱកាសនោះ លោក ពូទីន បានបង្ហាញការកោតសរសើរដល់ស្មារតីលះបង់របស់ទាហានកូរ៉េខាងជើង នៅក្នុងការជួយកងទ័ពរុស្ស៉ីវាយរំដោះតំបន់ Kursk ពីកងទ័ពអ៊ុយក្រែនផងដែរ។ ជាការឆ្លើយតប លោក គីម បានសន្យាថា កូរ៉េខាងជើងនឹងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រប់វិធានការដែលដាក់ចេញដោយថ្នាក់ដឹកនាំរុស្ស៉ីនៅថ្ងៃខាងមុខ។

រុស្ស៉ី និងកូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នានាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកកាលពីឆ្នាំ២០២៤ អំឡុងដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង។

កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានបញ្ជូនកងទ័ពទៅជួយរុស្ស៉ីកាលពីខែមេសាកន្លងទៅ។ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងលោកខាងលិចនិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ រួមជាមួយនឹងកាំភ្លើងធំ មីស៊ីល និងប្រព័ន្ធបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ។ បើតាមមន្រ្តីកូរ៉េខាងត្បូង, ទាហានកូរ៉េខាងជើងប្រហែល ៦០០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសក្នុងការប្រយុទ្ធដើម្បីរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner