សិក្ខាកាមជាមន្ត្រីនគរបាលចំនួន ២៥៦នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៣ នៅសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម
(កំពង់ស្ពឺ)៖ សិក្ខាកាមជ័យលាភីជាមន្ត្រីនគរបាលចំនួន ២៥៦នាក់ នារី ១៥នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន៣ រួមមាន – វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក, – វគ្គបំប៉នជំនាញប្រឆាំងភេរវកម្ម និង – វគ្គបំប៉នជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ពិធិបិទវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។
លោកឧត្តមសេនីយ៍ទោ ហុង ណារ៉ុង នាយកសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម បានបញ្ជាក់ថា វគ្គសិក្សាទាំងបីនេះ រៀបចំឡើងស្របតាមផែនការបណ្តុះបណ្តាល ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងផែនការសកម្មភាព ឆ្នាំ២០២៥ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹង សមត្ថភាពជំនាញដល់មន្រ្តីនគរបាលជាតិ ស្របតាមតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង ឆ្លើយតបទៅនឹងការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិក្នុងយុគ្គឌីជីថល ។
ឯកឧត្តមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា ពិធីបិទវគ្គបណ្តុះបណ្តាលនាឱកាសនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញ អំពីលទ្ធផលការងារថ្មីៗបន្ថែមទៀត ដែលសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំប្រកបដោយគំនិតប្រាជ្ញាភិវឌ្ឍន៍ និងទស្សនវិស័យវែងឆ្ងាយរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិផងដែរ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា ពីធីនេះ គឺជាព្រឹត្តិការណ៍មួយដែលបានលើកតម្លៃ និងផ្ដល់កិត្តិយសដល់សិក្ខាកាមជ័យលាភីទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ ហ្វឹកហាត់ គោរពវិន័យបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបង្កើត នូវភាតរភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំសាលា គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិ ជាមួយនឹងសិក្ខាកាមជ័យលាភីទាំងអស់ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ជាអគ្គមគ្គទេសក៍ដ៏ឆ្នើម នៃសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដោយផ្ដល់អាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស លើគ្រប់វិស័យ រួមទាំងកងមកម្លាំងនគរបាលជាតិ ។ សម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកសាងសមិទ្ធផល និងស្នាដៃជាច្រើន ដល់ក្រសួងមហាផ្ទៃ សម្រាប់អ្នកដឹកនាំបន្តវេន ជាពិសេស គឺសម្ដេច បានផ្ដល់តម្លៃ និងអាទិភាពខ្ពស់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ។
ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សូមគោរពដឹងគុណចំពោះវរីរភាព របស់កងកម្លាំងដ៏អង់អាចក្លាហាននៅសមរភូមិជួរមុខ ដែលប្តេជ្ញាតស៊ូប្រយុទ្ធ មិនរាថយជាមួយនឹងសត្រូវថៃឈ្លានពានបូរណភាពទឹកដីកម្ពុជា ដើម្បីការពារ ដែនអធិបតេយ្យភាពជាតិរបស់ខ្មែរឱ្យគង់វង្សឋិតថេរជាអមតៈ ។
ឯកឧត្តមប្រធានបណ្ឌិត្យសភា បានថ្លែងបញ្ជាក់ថា យើងខ្ញុំនៅសមរភូមិក្រោយ ក៏មិនដែលភ្លេចខ្លួនម្តងណាដែរ គឺបានប្រុងប្រៀបខ្លួនជានិច្ច ស្តាប់តាមការដឹកនាំ បញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងនាមកងកម្លាំងដែលជាឧបករណ៍របស់រដ្ឋ ក្នុងការចូលរួមចំណែកបម្រើជាតិមាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា គ្រប់កាលៈទេសៈ ៕






ដោយ ៖ វណ្ណលុក