ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ពិភាក្សាវិធានការអនុវត្តនៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ

(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រសួងអប់រំ យុវជន និងកីឡា ប្រើប្រាស់គ្រូជាប់កិច្ចសន្យានៅតាមកម្រិតបឋមសិក្សា និងគ្រូបង្រៀនម៉ោងបន្ថែមនៅកម្រិតមធ្យមសិក្សា។ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្ត ការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការជ្រើសរើស និងប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ។

នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាចំពោះវិធានការអនុវត្តនៃការរៀបចំគុណវុឌ្ឍិគ្រូបង្រៀន និងដោះស្រាយបញ្ហាប្រឈមខ្វះគ្រូបង្រៀននៅគ្រឹះស្ថានសិក្សាសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ, ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកឡើងថា “កិច្ចការដែលយើងប្រជុំនាពេលនេះ ដោយសារមានគោលការណ៍ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងការងារបន្តបន្ទាប់ ក្នុងដំណើរការនៃឆ្នាំសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខផង។ ដូច្នេះយើងប្រជុំនាពេលនេះ ជាការដោះស្រាយគ្នា ដើម្បីត្រៀមលក្ខណៈឱ្យបានរួចរាល់ដែលអាចធ្វើទៅបាន សម្រាប់ជួយគាំទ្រទៅដល់ដំណើរការរបស់សាលារៀន ដែលមានតម្រូវការប្រើប្រាស់គ្រូបង្រៀនរបស់យើង។”

កិច្ចប្រជុំនារសៀលនេះ បានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈចំនួន២ រួមមាន៖ របៀបវារៈទី១៖ (១)អនុក្រឹត្យស្តីពីការរៀបចំគុណវុឌ្ឍិនៃគ្រូបង្រៀន, (២)សារាចរស្តីពីការបន្តសុពលភាពជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ រយៈពេល ២ឆ្នាំ, (៣)ការបណ្តុះបណ្តាលគរុកោសល្យ និងការបំប៉នជូនគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះដឹងទូទៅ និង (៤)ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន។

របៀបវារៈទី២ អង្គប្រជុំបានពិភាក្សាទៅលើសំណើសុំគោលការណ៍ប្រើប្រាស់គ្រូជាប់កិច្ចសន្យា សម្រាប់ប្រើនៅសាលាបឋមសិក្សា និងថ្នាក់សមាហរណកម្មមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

បន្ទាប់ពីបានស្តាប់នូវមតិរបស់អង្គប្រជុំយ៉ាងផុសផុសរួចមក ឯកឧត្តម យក់ ប៊ុនណា បានស្នើឱ្យក្រុមការងារពាក់ព័ន្ធ បន្តការពិភាក្សា តាក់តែង ស្របទៅតាមគោលការណ៍កំណត់នៃនីតិវិធីបទដ្ឋានគតិយុត្ត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner