អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ ឈ្លានពានចូលមករាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ នៅថ្ងៃទី១២ និងទី១៣ ខែសីហា ឆ្នាំ២០២៥ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាព ចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដោយបានរាយបន្លាលួស ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥ ដែលសកម្មភាពនេះ គឺជាការបំពានដ៏គឃ្លើនចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ដែលភាគីទាំងពីរ បានឯកភាពគ្នា ។

នេះបើតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា ឆ្លើយតបនឹងទង្វើនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ (GBC) ពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ ដែលបានចែងថា ភាគីទាំងពីរ បានព្រមព្រៀងរក្សាទីតាំងបច្ចុប្បន្ន បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់ទាំងការដើរល្បាតទៅទីតាំងភាគីម្ខាងទៀតឡើយ ៕

ដោ ៖ វណ្ណលុក និង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner