ថ្ងៃនេះក្រុមអ្នកសង្កេតការណ៍អន្តរកាលចំនួន៦ ប្រទេសនឹងចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តចំនួន៣ ដែលរង ប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ នៅថ្ងៃនេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា​បានដឹកនាំ​ក្រុមអ្នកសង្កេតការណ៍អន្តរកាល​ចំនួន​៦ប្រទេស ដើម្បីចុះពិនិត្យទីតាំង​ជាក់ស្តែងដែល ទទួលរងប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុង​ខេត្តចំនួនបីមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់​បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះលោកជំទាវ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ការពារជាតិបានឱ្យដឹងថា ព្រឹកនេះក្រសួងការពារជាតិ បានសម្របសម្រួល​ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមាន​តំណាងមកពីប្រទេសចំនួន ៦ ចូលរួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេស​កម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញ​ដំណើរ​​ទៅកាន់ទីតាំង​ជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុង​អំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចជា ទិសដៅ១- ខេត្តបាត់ដំបង( យោធភូមិភាគទី៥) ,២-ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ ” ភូមិជោគជ័យ ” និងច្រកបឹងត្រកួន,៣- ខេត្តព្រះវិហារ ” ច្រកព្រំដែនអានសេះ ” ។

គួរបញ្ជាក់ថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង​ពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ( GBC )ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ។

លោកជំទាវបានបន្តថា កម្ពុជាសូមគូសបញ្ជាក់សារជាថ្មីនឹងម៉ឺងម៉ាត់ ច្បាស់លាស់បំផុត នូវការប្តេជ្ញាចិត្តឥតងាករេ​របស់ខ្លួនក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ ចំណុចនៅកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានអ្នកសង្កេតការណ៍ទាំង៣​ប្រទេស​សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីចូលរួម៕
ដោយ៖ម៉ាដេប៉ូ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner