សហភាពអឺរ៉ុប ឧបត្ថមថវិកាជិត ៤ លានដុល្លារ ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅ កម្ពុជា
(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានផ្តល់មូលនិធិ ៣,៥លានអឺរ៉ូ ស្មើជិត ៤លានដុល្លារ ដល់គម្រោងពង្រឹងការចូលរួមរបស់ពលរដ្ឋ បង្កើនតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈនៅកម្ពុជា ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងវេទិការប្រកាសស្តីពីការចាប់ផ្តើមអនុវត្តគម្រោង «ពង្រឹងការចូលរួម និងតាមដានរបស់ពលរដ្ឋក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (SCOPE-PFM) ក្រោមការសហការរៀបចំដោយ សហភាពអឺរ៉ុប និងអង្គការអុកស្វាម រួមជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ, វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) និងអង្គការសីលកា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានមានប្រសាសន៍ថា ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល កម្មិវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីស្នូលមួយដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណោមកម្មវិធីកែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ចល្អ ដែលមានរយៈពេលវែង និងមានចក្ខុវិស័យប្រកបដោយមហិច្ឆិតា និងប្រាកដនិយម ក្នុងការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពីប្រព័ន្ធផ្តោតលើធាតុចូល និងមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ ។
លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីនោះថា គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនេះ បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នារវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងតម្លាភាពសារពើពន្ធ និងគណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ។ តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យ និងបង្កើតឲ្យមានលំហរចូលរួមជាសាធារណៈថែមទៀត គម្រោងនេះរួមចំណែកដល់អភិបាលកិច្ចបែបបរិយាបន្ន និងឆ្លើយតប ។
នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ បានមានប្រសាសន៍ថា ពិធីប្រកាសអនុវត្តគម្រោងនាថ្ងៃនេះ ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសហការរវាងភាគីពាក់ព័ន្ធ និងផ្តល់ឱកាសដល់អ្នកចូលរួម ផ្តល់មតិកែលម្អរ ដើម្បីធានាថា ការអនុវត្តគម្រោងនឹងឆ្លើយតបនឹងបញ្ហាអាទិភាពរបស់ពលរដ្ឋនៅសហគមន៍មូលដ្ឋាន។
លោកស្រីបានថ្លែងការអគុណ ដល់សភាពអឺរ៉ុប ដែលបន្តប្តេជ្ញាចិត្តខ្ពស់រួមគ្នារវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងតម្លាភាពសារពើពន្ធ និងគណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ តាមរយៈការផ្តល់មូលនិធិដល់អង្គការសង្គមស៊ីវិល ដែលមានអង្គការអុកស្វាមជាអ្នកដឹកនាំអនុវត្តគម្រោងនេះ ។ គម្រោងនេះចាប់ផ្តើមអនុវត្តពីខែ មិថុនា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៨ ក្នុងគោលបំណងចូលរួមចំណែកដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាព ក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈប្រកបដោយបរិយាបន្ន ។
អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអគុណដល់សហភាពអឺរ៉ុប ដែលបានផ្តល់ការឧបត្ថមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់គម្រោងនេះ និងចាត់ទុកការគាំទ្រនេះ គឺជាសញ្ញានៃការទទួលស្គាល់ និងការជឿទុកចិត្តលើសមត្ថភាពកម្ពុជា ក្នុងការបង្កើតតម្លាភាព និងសិទ្ធិចូលរួមរបស់ប្រជាពលរដ្ឋដោយពង្រឹងប្រសិទ្ធភាពក្នុងការប្រើប្រាស់ថវិការ និងធនធានសាធារណៈ តែមានប្រសិទ្ធភាព និងឆ្លុះបញ្ចាំងតាមត្រូវការពិត ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ Oxfam in Cambodia











