ស្វីសប្តេជ្ញាទិញយន្តហោះចម្បាំង F-35 ពីអាមេរិក ទោះជួបឧបសគ្គហិរញ្ញវត្ថុ

ហ្សឺណែវ ៖ ប្រទេសស្វីសបានប្តេជ្ញានៅថ្ងៃទី១៣ ខែសីហាថា នឹងបន្តជំនះឧបសគ្គបញ្ជាទិញយន្តហោះ F-35A ពីសហរដ្ឋអាមេរិក បើទោះបីជាការចំណាយលើការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបលើពិភពលោកមួយនេះ កាន់តែប៉ោងឡើងក៏ដោយ។

ការប្តេជ្ញាចិត្តនេះកើតឡើងចំពេលដែលអាមេរិកកំពុងជំរុញឱ្យស្វីសបង្កើនការចំណាយបន្ថែមទៀត ទាក់ទិននឹងការផលិតយន្តហោះចម្បាំង F-35A ដែលមានតម្លៃចន្លោះពី ៨០៧លានដុល្លារទៅ ១.៦ពាន់លានដុល្លារក្នុងមួយគ្រឿង ប៉ុន្តែស្វីសចង់ឱ្យខាងភាគីអាមេរិកយល់ព្រមក្នុងការរក្សាតម្លៃថេរ។

រដ្ឋមន្ត្រីការពារជាតិស្វីស លោក Martin Pfister ធ្លាប់បានបង្ហើរពីគំនិតចង់ទិញយន្តហោះចម្បាំងបំបាំងកាយ F-35A យ៉ាងតិចជាង ៣៦គ្រឿង ដែលបានព្រមព្រៀងគ្នាជាមួយអាមេរិកកាលពីដំបូង។

ប្រមុខការពារជាតិស្វីសរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែសីហាថា ការចំណាយដ៏ខ្ពស់អាចនឹងធ្វើឱ្យស្វីសប្តូរចិត្តពីអ្នកម៉ៅការការពារជាតិអាមេរិក ជំនួសមកក្រុមហ៊ុនក្នុងស្រុកវិញ ដរាបណាសភាស្វីសយល់ព្រមបញ្ចេញកញ្ចប់ថវិកាបន្ថែម។

គួរកត់សម្គាល់ ប្រទេសស្វីស និងអាមេរិកបានចុះកុងត្រាទិញលក់យន្តហោះចម្បាំងបំបាំងកាយ F-35A ក្នុងតម្លៃជាង ៧ពាន់លានដុល្លារ ហើយការចែកចាយយន្តហោះដំបូងនឹងធ្វើឡើងនៅឆ្នាំ២០២៧ខាងមុខនេះ។

ស្វីសបានសម្រេចជ្រើសរើសទិញយកយន្តហោះ F-35 កាលពីឆ្នាំ២០២១ ជំនួសគូប្រជែងដទៃទៀត រួមមានយន្តហោះ Super Hornet របស់ក្រុមហ៊ុន Boeing, យន្តហោះចម្បាំង Rafale របស់ក្រុមហ៊ុន Dassault និងយន្តហោះ Eurofighter Typhoon របស់ក្រុមហ៊ុន Airbus។ ការសម្រេចចិត្តនោះត្រូវបានធ្វើឡើង ក្រោយការបោះឆ្នោតប្រជាមតិលើកទី១ កាលពីឆ្នាំ២០២០ ដែលគាំទ្រឱ្យស្វីសធ្វើទំនើបកម្មទ័ពអាកាសរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner