ឯកឧត្តម ប៉ែន បូណា៖ ថៃកំពុងយករឿងផ្ទុះគ្រាប់មីនមកធ្វើជាប្រធានបទដើម្បីចោទទម្លាក់កំហុសមកលើកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ថៃបាន និងកំពុងតែយករឿងផ្ទុះគ្រាប់មីនលើកងកម្លាំងរបស់ខ្លួនដើម្បីដាក់កំហុសមកលើកម្ពុជា ហើយតាំងខ្លួនជាអ្នករងគ្រោះដើម្បីបំភាន់សហគមន៍អន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា«កងទ័ពថៃខ្លួនឯងទេជាអ្នកបំពានកិច្ចព្រមព្រាងឈប់បាញ់ ហើយបានជាន់គ្រាប់មីនដែលនៅសល់ពីសម័យសង្គ្រាម ។ជាក់ស្តែង យើងបានឃើញថាកងទ័ពថៃបានធ្វើការពង្រាយកង់ឡាន រាយបន្លាលួស ចល័តសព្វាវុធ ក្នុងកំឡុងពេលយើងកំពុងតែអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។ ទាំងអស់នេះជាភស្តុតាងដែលមិនអាចប្រកែកបាន»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរំលឹកជាថ្មីត្រង់ចំណុចទី ២ និងចំណុចទី ៤ក្នុងចំណោម ១៣ ចំណុច ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងគ្នានាកិច្ចប្រជុំគណៈកម្មការវិសាមញ្ញាព្រំដែនទូទៅរវាង កម្ពុជា -ថៃ GBC នៅប្រទេសម៉ាឡេស៊ី ដោយចំណុចនោះបានលើកឡើងថា៖ ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធានរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យមានការផ្លាស់ទីហួសទីតាំងដែលខ្លួនកំពុងឈរជើងក្នុងពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលរួមជាធរមាន ដោយមិនធ្វើការចល័តទ័ពឡើយ។ ចំណុចមួយទៀត គឺភាគីទាំងពីរបានឯកភាពគ្នាមិនធ្វើសកម្មភាពបង្ករហេតុណាមួយដែលអាចនាំឱ្យមានភាពចលាចល ក្នុងនោះរួមមានការធ្វើឲ្យយោធាចូលដែនអាកាស បូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់បានចូលជាធរមាន។ ភាគីទាំងពីរធ្វើការឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋាននៅហួសទីតាំងរបស់ខ្លួនឡើយ។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា៖«ករណីផ្ទុះមីនមិនអាចកើតមានទេ បើសិនកងទ័ពថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួនដោយរក្សាកម្លាំងឈរជើងនៅកន្លែងដដែលក្រោយពេលកិច្ចព្រមព្រៀងបានចូលជាធរមាននៅថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៥»៕ដោយ៖ ម៉ាដេប៉ូ,រូបភាព៖ លោក វេង លឹមហ៊ួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner