ក្រសួងអប់រំ នឹងផ្ដល់ប្រាក់ឧបត្ថម្ភ និងកន្លែងស្នាក់នៅ សម្រាប់បេក្ខជន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥

(ភ្នំពេញ)៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងបានរៀបចំកន្លែងស្នាក់នៅ និងត្រៀមផ្តល់ប្រាក់ឧបត្ថម្ភ មួយចំនួន សម្រាប់រយៈពេលពីរថ្ងៃ នៃការប្រឡងបាក់ឌុប ដល់បេក្ខជន នៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួល ជាពិសេស ជួយឱ្យពួកគេអាចផ្តោតអារម្មណ៍បានល្អ លើការប្រឡងរបស់ខ្លួន ។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងដូច្នេះ នៅពេលដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេស សម្រាប់បេក្ខជន ប្រឡងនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ កាលពីថ្ងៃទី១៣ សីហា នៅទីស្តីការក្រសួង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែងសហការគ្នាឱ្យបានល្អ ដើម្បីធានាបាននូវដំណើរការប្រឡង ប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។

ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងអនុវត្តវិធានការជាច្រើន ដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅដោយរលូន សម្រាប់បេក្ខជនទាំងអស់នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផលប៉ះពាល់ខ្លាំង ដោយក្រសួង នឹងត្រៀមរៀបចំក្រុមការងារ ដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមានឡើង ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកទឹកចិត្ត ដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់” ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner