វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិនៅខេត្តក្រចេះត្រូវបានបិទបញ្ចប់

ក្រចេះ៖ វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និង​សាធារណ​មតិ ដែលរៀបចំឡើង​ដោយ​ក្រសួងព័ត៌មានសហការជាមួយ​មន្ទីរព័ត៌មានខេត្តក្រចេះត្រូវបានបិទបញ្ចប់ដោយជោគជ័យកាលពីព្រឹកថ្ងៃទី១៤ ខែសីហានេះ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរថ្ងៃកន្លងមក ក្រោម​អធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពី ឯកឧត្តម លាង ប៊ុនរិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តក្រចេះ ព្រម​ទាំងថ្នាក់ដឹកនាំពាក់ព័ន្ធមកពី ក្រសួង​ព័ត៌មាន គ្រូឧទ្ទេស និងសិក្ខាកាម​ទទួល​បន្ទុកព័ត៌មាន និងសាធារណមតិចំនួន៦០នាក់។

ក្នុងឱកាសនេះ ឯកឧត្តម លាង ប៊ុនរិទ្ធ បានថ្លែងអំណរគុណចំពោះគំនិត​ផ្តួច​ផ្តើម​រៀបចំវគ្គបណ្តុះបណ្តាលនេះ ឡើង ខណៈការគ្រប់គ្រងព័ត៌មាន ពិតជាមាន​សារសំខាន់​ណាស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ។

មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមអំពី​សារសំខាន់នៃ ការងារផ្សព្វផ្សាយព័ត៌មាន នៅក្នុង​បរិបទបច្ចុប្បន្នសម័យឌីជីថលសំខាន់គឺ ត្រូវក្តាប់ស្ថានភាព គ្រប់គ្រងខ្លឹមសារ និង​ល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបានល្អ។ ដូច្នេះមន្ត្រីទទួល​បន្ទុក​លើការងារនេះ និងស្ថាប័នពាក់​ព័ន្ធត្រូវ តែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ក្នុងនោះការពង្រឹងទំនាក់ទំនង​ការងារជាមួយអ្នកពាក់ព័ន្ធជុំវិញខេត្តគឺជារឿងចាំបាច់ក្នុងការប្រតិបត្តិការងារឱ្យជោគជ័យ។

ឯកឧត្តមបានគូសរំលេចថា ការងារព័ត៌មាននិងសាធារណមតិនេះ មន្ទីរព័ត៌មាន​ទូទាំង២៥រាជធានីខេត្តគឺត្រូវបង្កើន​កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ជាពិសេសថ្នាក់ដឹកនាំដែលទទួលបន្ទុកព័ត៌មាន។ ជាមួយគ្នានេះ ត្រូវបង្កើតបណ្តាញការងារនៅតាមថ្នាក់ខេត្ត ស្រុក ឃុំ/សង្កាត់ ឬសហគមន៍បន្ថែមទៀតដើម្បីទទួល​និងផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាពលរដ្ឋ​តាម​សហគមន៍ក្នុងមូលដ្ឋានរាជធានី ខេត្តរបស់ខ្លួន។

តាមរយៈវគ្គបំពាក់បំប៉ននេះអ្នកចូលរួមទាំងអស់បានបង្ហាញពីសារសំខាន់ដែលទទួលបាន ដូចជាការចងក្រង​បណ្តាញ​,ការគ្រប់គ្រងព័ត៌មាន ,ការផលិតមាតិកា​សម្រាប់ផ្សាយបែបឌីជីថល ,ការតាមដាន វិភាគ ចងក្រងព័ត៌មាន និងការឆ្លើយ​តបព័ត៌មានក្លែងក្លែងក្លាយ ,របៀបរបបការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន, ការគ្រប់គ្រង និងវាយតម្លៃ​សមិទ្ធកម្មការងារ, បច្ចេកទេសរៀបចំ និងផលិត​ខ្លឹមសារ​បែបសាធារណមតិ និងការគ្រប់គ្រងព័ត៌មាន និងសាធារណ​មតិក្នុង​របត់ថ្មីជាដើម។

លោកស៊ី ផុនហ៊ុងគ្រី សមាជិកនៃក្រុមការងារព័ត៌មាន និងសាធារណមតិខេត្ត​មណ្ឌលគិរីដែលបានចូលរួមវគ្គបណ្ដុះ​បណ្ដាលនេះដោយបានប្តេជ្ញាយក​ចិត្ត​ចំណេះដឹងដែលទទួលបាននេះទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាពថែមទៀត៕

ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner