ស្ថាប័នជាតិ និងអង្គការ WWF បើកសិក្ខាសាលាស្ដីពី «ការឆ្លុះបញ្ចាំងលទ្ធផលបញ្ចប់គម្រោង អ៊ិលធីស៊ី ដំណាក់កាលទី២»

(ភ្នំពេញ)៖ គម្រោង អ៊ិល ធី ស៊ី (LtC) គឺជាគម្រោងដែលអនុវត្តដោយ អង្គការ WWF-កម្ពុជា ក្រោមជំនួយមូលនិធីពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ហៅកាត់ស៊ីដា។

ការលើកកម្ពស់សិទ្ធិសហគមន៍ រួមទាំងជនជាតិដើមភាគតិច ក្នុងការពង្រឹងការសន្ទនាដោយមានការចូលរួម ការលើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រដល់ដំណើរការសម្រេចចិត្ត ចាំបាច់មានការចូលរួមថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ។ តាមរយៈការរួមចំណែកដ៏មានសារៈសំខាន់របស់ អង្គការសង្គមស៊ីវិល ក្នុងការចូលរួមក្នុងវេទិកាពហុភាគី គឺដើម្បីធានាឱ្យមានគោលនយោបាយអភិរក្ស និងការអភិវឌ្ឍន៍សហគមន៍មានលក្ខណៈរួមបញ្ចូលនូវតម្លាភាព និងគណនេយ្យភាព។

នេះគឺជាការលើកឡើង របស់ លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា ក្នុងកិច្ចពិភាក្សាគ្នាទៅលើ«ការឆ្លុះបញ្ចាំងលទ្ធផលបញ្ចប់គម្រោង អ៊ិលធីស៊ី (LtC) ដំណាក់កាលទី២ » ដើម្បីលើកកម្ពស់ ការពារសិទ្ធិ និងការកសាងសមត្ថភាពរបស់សហគមន៍ និង សង្គមស៊ីវិល ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលរៀបចំឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ។

កិច្ចពិភាក្សានេះ មានការចូលរួមពី លោកបណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរឃុំ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ម្ចាស់ជំនួយ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល (WWF, Morodok, CLEC, FLO, RAC) សមាជិកសហគមន៍ និងអ្នកសារព័ត៌មាន ។

លោកបណ្ឌិត លាង សុផា បានបញ្ជាក់ថា សហគមន៍នេសាទ បានទទួលដែននេសាទពីរាជរដ្ឋាភិបាល ឱ្យទទួលបានការគ្រប់គ្រងចុះកិច្ចសន្យា ធ្វើផែនការ អនុវត្តនិងទទួលបានការគាំទ្រពីគម្រោង ដៃគូ ផ្សេងៗ ដោយអនុវត្តដោយខ្លួនឯង មានការងារគ្រប់គ្រង អភិរក្ស អភិវឌ្ឍន៍ លើកកម្ពស់កម្រិតជីវភាពរស់នៅ ហើយប្រើប្រាស់ធនធានជាម្ហូបអាហារ ស្បៀង និងគិតគូរអំពីគុណភាពនៃម្ហូបអាហារ ដូចជា បន្លែ ត្រី សាច់ ផ្សេងៗ ដើម្បីសុវត្ថិភាពនិងគុណភាព។

ការប្រើប្រាស់ធនធានគឺប្រកបដោយសមធម៌ គុណធម៌ ឱ្យមាននិរន្តរភាពសម្រាប់ប្រើប្រាស់នាពេលបច្ចុប្បន្ន និងបន្តផ្ដល់ឲ្យទៅអនាគត ។ លោកបណ្ឌិត លាង សុផា សង្ឃឹមថា អង្គការ wwf និងអង្គការផ្សេងៗទៀតរួមគ្នាបង្កើតជាគម្រោងជួយគាំទ្រទៅដល់សហគមន៍មូលដ្ឋាន បន្តទៅមុខទៀតឱ្យចំតាមចំណុចបញ្ហាប្រឈម និងតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

គួរបញ្ជាក់ថា គម្រោង អ៊ិល ធី ស៊ី (LtC) គឺជាគម្រោងដែលអនុវត្តដោយ អង្គការ WWF-កម្ពុជា ក្រោមជំនួយមូលនិធីពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត ហៅកាត់ស៊ីដា ហើយនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការពារសិទ្ធិ និងការកសាងសមត្ថភាពរបស់សហគមន៍ និងសង្គមស៊ីវិល ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ តាមរយៈការអនុវត្តគម្រោង អ៊ិល ធី ស៊ី ទាំង ២ ដំណាក់កាល បានផ្តល់ជំនួយបន្តដល់អង្គការសង្គមស៊ីវិលចំនួន ៤ និងសហគមន៍មូលដ្ឋាន ចំនួន ២៤ ដែលអាចផ្តល់ឱ្យសហគមន៍គ្រប់គ្រងដីព្រៃសហគមន៍ជាង ៥៥ម៉ឺន ៣៧២ ហិកតា ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
(P-TV)

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner