កម្ពុជា ចាប់ផ្តើមនាំចេញផ្លែឈើក្រៀម និង គ្រាប់ស្វាយចន្ទីរលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី
(ភ្នំពេញ)៖ ប្រទេសកម្ពុជា បាននាំចេញនូវផលិតផលកសិកម្មទៅកាន់ប្រទសអូស្ត្រាលី លើកដំបូងចំនួន ១២តោន នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៥ ដែលនៅក្នុងនោះរួមមាន គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ ។
យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា បន្ទាប់ពីការនាំចេញនូវផ្លែឈើក្រៀម គ្រាប់ស្វាយចន្ទីរលើកដំបូងនេះ តាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀតនឹងមានចំនួនកើនឡើង ហើយក៏មានផលិតផលកសិកម្មកាន់តែច្រើនថែមទៀត ។
ការនាំចេញនេះធ្វើឡើងដោយ ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) ដែលមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាក់ប្រាប់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដូចជា នាយកដ្ឋានការបរទេស និងពាណិជ្ជកម្ម ប្រទសអូស្ត្រាលី កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ និង សហគ្រិនខ្មែរ ក្នុងការជំរុញការនាំចេញផលិតផលដែលផលិតពីកម្ពុជា ដែលមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យកសិ-កែច្នៃរបស់កម្ពុជា នាពេលបច្ចុប្បន្នខណៈពេលដែលបរិយាកាសនៃការធ្វើពាណិជ្ជកម្មក្នុងពិភពលោកមានភាពមិនច្បាស់លាស់ ។
គួរបញ្ជាក់ថា ការនាំចេញនេះធ្វើឡើងដោយអនុលោម តាមបទដ្ឋានស្តង់ដារ និងគុណភាពអន្តរជាតិ ៕ដោយ ៖ ម៉ាដេប៉ូ








