សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយ ឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេស សម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និង វៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរ និង រឹងមាំ ។
សម្ដេចតេជោ បានបញ្ជាក់ថា ភាពល្អប្រសើរ នៃទំនាក់ទំនងកម្ពុជា-វៀតណាម បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ដែលមានជាមួយគ្នា ដែលជាផ្នែកសំខាន់នៃការជំរុញទំនាក់ទំនងគ្រប់វិស័យផ្សេងទៀត ។
សម្ដេចតេជោ បានមានប្រសាសន៍អំពីចំណុចសំខាន់ៗ ពាក់ព័ន្ធទំនាក់ទំនងក្របខ័ណ្ឌបក្ស ដែលភាគីទាំងពីរបានពង្រឹងជាមួយគ្នាតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់កំពូល ហើយក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និង ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏ត្រូវបានពង្រឹងជាបន្តបន្ទាប់។
សម្ដេចតេជោ បានបង្ហាញក្តីពេញចិត្តចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមដែលមានការកើតឡើងយ៉ាងខ្ពស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះត្រឹមតែរយៈពេល៧ ខែនៅឆ្នាំ២០២៥នេះ មានរហូតទៅដល់ប្រមាណ ៧ពាន់លានដុល្លារ ក្នុងនោះកម្ពុជា បាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៣,៨ ពាន់លានដុល្លារ ហើយវៀតណាមនាំចូលមកកម្ពុជាគឺមានចំនួន ៣,២ពាន់លានដុល្លារ។ ដូច្នេះចំនួននេះ បានបង្ហាញថា កម្ពុជា នាំចេញទៅកាន់ប្រទេសវៀតណាម គឺមានចំនួនច្រើនជាងវៀតណាមនាំចូលមកកម្ពុជា ។
សម្ដេចតេជោ បានបញ្ជាក់ថា វៀតណាមគឺជាទីផ្សារនាំទំនិញរបស់កម្ពុជាដ៏ធំលំដាប់ទី៣ ដូច្នេះជាសក្តានុពលមួយ នៃការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងឋានៈជាប្រទេស ជិតខាងគ្នា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយមានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាដែលបម្រើផលប្រយោជន៍ទៅវិញទៅមក ។
ឯកឧត្តម តូ ឡឹម ពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម តាំងពីអតីតកាលរហូតដល់ពេលបច្ចុប្បន្ន ដែលពូនជ្រុំបន្តពីសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក និងបន្តមកដល់ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរជាលំដាប់ ។
ឯកឧត្តម ក៏បានសម្ដែងនូវការពេញចិត្តផងដែរ ចំពោះទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានការកើនឡើង ដោយនេះជាចំណុចមួយដ៏សំខាន់ ដែលប្រទេសទាំងពីរបានខិតខំធ្វើមកជាមួយគ្នា ហើយឯកឧត្តមបានបញ្ជាក់ថា ទាក់ទងនឹងពាណិជ្ជកម្មនេះ ភាគីវៀតណាមនឹងពង្រឹងបន្ថែមទៀតជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការកើនឡើងបន្តទៀត។
គោលដៅធំរវាងកម្ពុជា និងវៀតណាម គឺគ្រោងសម្រេចឲ្យបាននូវ ផែនការទំហំពាណិជ្ជកម្មជាមួយគ្នា ២០ ពាន់លានដុល្លារនៅពេលដ៏ឆាប់ខាងមុខ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងប្ដេជ្ញាក្នុងការជំរុញធ្វើយ៉ាងណាឱ្យទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ទៀត។
ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកឡើងទៀតថា នៅពេលខាងមុខ ពោលគឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចនឹងអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យខួប ៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម ។
ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានបញ្ជាក់យ៉ាងច្បាស់ អំពីវត្តមានរបស់សម្ដេចក្នុងខួប ៨០ឆ្នាំនៃបុណ្យឯករាជ្យជាតិវៀតណាមនាពេលខាងមុខ ។
ឯកឧត្តមក៏បានចាត់ទុកវត្តមានរបស់សម្ដេចតេជោ នាពេលនោះថា ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម ហើយ ឯកឧត្តម បានប្ដេជ្ញាធ្វើយ៉ាងណា ពូនជ្រុំទំនាក់ទំនងនេះឲ្យកាន់តែរឹងមាំបន្ថែមទៀតឱ្យសមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ៕
ដោយ ៖ វណ្ណលុក








