ឯកឧត្តម វ៉ាង វិនពីន ៖ ចិនគាំទ្រកម្ពុជា-ថៃ ក្នុងការចូលរួម កិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ និងគាំទ្រភាគីទាំង២ អនុវត្តទាំងស្រុង នៃកិច្ចប្រជុំ GBC
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានថ្លែងនៅយប់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ ២០២៥ថា ៖ ប្រទេសចិនគាំទ្រកម្ពុជា និង ថៃក្នុងការចូលរួមក្នុងកិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការស្ដារឡើងវិញនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យវិលត្រឡប់មកវិញ ។
លោកបានបញ្ជាក់ថា”គាំទ្រភាគីទាំងពីរអនុវត្តទាំងស្រុងនូវកុងសុងស៊ីសដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការពង្រឹងស្ថានភាពបទឈប់បាញ់។ គាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវ និងការដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវតាម”របៀបអាស៊ាន” គាំទ្រភាគីទាំងពីរក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងពីរប្រទេស និងការបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស”។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនក៏បានបង្ហាញភ្ជាប់រូបភាពនៅថ្ងៃទីទី១៤ ខែសីហា ឆ្នាំ២០២៥ ដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និង ឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិនផងដែរ៕
ដោយ ៖ ម៉ាដេប៉ូ

