ពីឡុតសង្គ្រាមលោកទី២ មានអាយុ ១០០ឆ្នាំ បើកយន្តហោះចម្បាំងសាជាថ្មី
វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកចូលនិវត្តន៍ លោកតា Col. Joe Peterburs មានវ័យ១០០ឆ្នាំទៅហើយនោះ នៅតែមានសមត្ថភាពបញ្ជាបក្សីស្លាបដែកធុន P-51 Mustang សាជាថ្មី ជាប្រភេទយន្តហោះចម្បាំងដែលគាត់ប្រើបំពេញបេសកកម្មប្រយុទ្ធចំនួន ៤៩លើក ក្នុងកំឡុងសម័យសង្គ្រាមលោកលើកទីពីរ។
សារព័ត៌មាន ABC NEWS បានចុះផ្សាយថា ការហោះហើររបស់លោកតា Peterburs ដែលបានចុះឈ្មោះបម្រើជួរកងទ័ពអាកាសអាមេរិកក្នុងឆ្នាំ១៩៤២ កាលពីអាយុ ១៨ឆ្នាំ ធ្វើឡើងនៅតំបន់ McKinleyville រដ្ឋកាលីហ្វ័រញ៉ា ដោយប្រើប្រាស់យន្តហោះប្រភេទដូចគ្នា ដែលលោកបានហោះហើរក្នុងអំឡុងបេសកកម្មប្រយុទ្ធជាង ៧ទសវត្សរ៍មុន។
ព្រឹត្តិការណ៍ហោះហើរជាប្រវត្តិសាស្រ្តនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការមិនរកប្រាក់ចំណេញ “Rumble Over the Redwoods” ស្ថិតក្នុងគោលបំណងឧទ្ទិសដល់ការអភិរក្សបេតិកភណ្ឌផ្នែកអាកាសចរណ៍ និងការបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។
ការហោះហើររបស់លោកតា Peterburs ក៏ជាសារមួយប្រាប់ពិភពលោកថា ស្មារតីដ៏អង់អាចក្លាហានរបស់លោក នឹងមិនបាត់បង់ទៅតាមអាយុកាលនោះទេ។ បន្ទាប់ពីបញ្ចប់ការហោះហើរ លោកតា Peterburs បានប្រាប់សារព័ត៌មាន ABC News ថា នេះគឺជាបទពិសោធន៍ដ៏គួរឱ្យរំភើប និងជាការរំលឹកឡើងវិញនូវការចងចាំពីមុនជាច្រើន។
អាកាសយានិកជើងចាស់រូបនេះ ក៏បានចែករំលែកសារដ៏មានអានុភាពសម្រាប់មនុស្សជំនាន់ក្រោយផងដែរថា ដើម្បីរក្សានូវអ្វីដែលយើងមានថ្ងៃនេះ អ្នកត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភា ហើយខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យ។
សូមរម្លឹកថា ក្នុងតួនាទីជាអាកាសយានិកក្នុងជួរកងទ័ពអាកាសអាមេរិក លោកតា Peterburs បានឆ្លងកាត់ព្យុះភ្លៀងសង្គ្រាមជាច្រើន រាប់ចាប់ពីសង្គ្រាមលោកលើកទី២ សង្គ្រាមកូរ៉េ និង សម័យសង្គ្រាមវៀតណាម។ ហើយនៅទីបំផុត លោកតាបានចូលនិវត្តន៍ក្នុងមុខតំណែងជាវរសេនីយ៍ឯកនៅឆ្នាំ១៩៦៩៕
ប្រភព ៖ ABC News ប្រែសម្រួល ៖ ឈឹម ទីណា

