បណ្តាប្រទេសចំនួន៧០ជុំវិញពិភពលោក ចុះហត្ថលេខារួមគ្នាលើសំណើមួយទៅកាន់ កូរ៉េខាងជើង ឲ្យបោះបង់អាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិក
កូរ៉េខាងជើង៖ បណ្តាប្រទេសចំនួន៧០នៅទូទំាងពិភពលោកនៅថ្ងៃសុក្រសប្តាហ៍នេះ បានស្នើឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ព្រមទំាងកម្មវិធីអាវុធផ្សេងទៀត ដោយពួកគេចាត់ទុកអាវុធទាំងនេះថា ជាការគំរាមកំហែងដល់សន្តិសុខតំបន់ និងសន្តិភាពពិភពលោក។

ប្រទេសមកពីអាហ៊្វ្រិក អាស៊ី អឺរ៉ុប និងអាម៉េរិកឡាទីនប្រមាណ៧០ បានរួមគ្នាចុះហត្ថលេខាលើសំណើមួយទៅកាន់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ខណៈសំណើនេះ បានកើតមានឡើងក្រោយពេលដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីលចំនួនពីរដងក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង ដែលក្នុងនោះក៏មានមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រើបច្ចេកវិទ្យាបាលីស្ទិកផងដែរ។

ក្នុងលិខិតនោះ ប្រទេសហត្ថលេខីទាំងអស់បង្ហាញជំហរបារម្ភ ចំពោះការគំរាមដ៏ខ្លាំងក្លាលើសន្តិភាពតំបន់ និងពិភពលោក ដែលបង្កដោយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយប្រទេសទាំងអស់ បានប្រាប់ឲ្យកូរ៉េខាងជើងបញ្ចៀសសកម្មភាពបង្កហេតុណាមួយ និងបន្តចរចាជាមួយអាម៉េរិកលើការរំសាយនុយក្លេអ៊ែរ។ ដោយឡែកសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដែលជាភាគីកំពុងចរចាជាមួយកូរ៉េខាងជើងនោះ ក៏បានចុះហត្ថលេខាលើលិខិតដែលរៀបរៀងដោយបារាំងផងដែរ ខណៈរុស្ស៊ី និងចិនដែលជាខ្នងបង្អែកការទូតដ៏សំខាន់របស់របបដឹកនាំលោក គីម ជុងអ៊ុន មិនបានចុះហត្ថលេខាឡើយ៕ធ.ដ
