ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដឹកនាំមន្ត្រីរាជការខេត្តរតនគិរីប្រារព្ធពិធី សូត្រមន្ត ដើម្បីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
នៅព្រឹកថ្ងៃសៅរ៍ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី បានរៀបចំប្រារព្ធពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៦ យាងចូល៦៧ព្រះវស្សា ដែលបានធ្វើឡើងនៅសាលមហោស្រពសម្ដេចតេជោសែន ក្នុងក្រុងបានលុង ខេត្តរតនគិរី។
អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន បានអានសារលិខិតថ្វាយព្រះពរ មានខ្លឹមសារថា «ទូលព្រះបង្គំតំណាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជារាស្រ្តគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នៅក្នុងឳកាសដ៏នក្ខត្តឬវិសេសវិសាលបវរថ្លៃថ្លាមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម ៦៦ យាងចូល ៦៧ ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៣-១៤-១៥ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ។
ទូលព្រះបង្គំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឳនកាយសម្តែងក្តីកតញ្ញូតាធម៌ និងសូមថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ សិរីមង្គល វិបុលសុខ ដោយលើក ហត្ថប្រណម្យអញ្ជលី បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះ រតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាថ្មី បុណ្យព្រះបារមីទេវតាថែរក្សាព្រះមហាស្វេតច័្ឆត្រ ព្រមទាំងបុណ្យព្រះបារមីនៃដួង ព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ សូមប្រោះប្រទាននូវទឹកមន្តអម្រឹតប្រសិទ្ធិពរ ជ័យថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះបញ្ញាញាណឈ្លាសវៃ ព្រះរាជសុខភាពមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់សុខក្សេមក្សាន្តដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេសឲ្យបានយូរអង្វែងតរៀងទៅ៕ធ.ដ
ដោយៈ គតិ យុត្ត








