ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្រុមហ៊ុន សោម៉ា គ្រុប និង បុត្រសម្ព័ន្ធ បានរួមចំណែកជាថវិកាជិត ៨០លានរៀល រួមទាំងសម្ភារៈជាច្រើនទៀត ដល់កងទ័ពជួរមុខ និងជនភៀសសឹក
(ភ្នំពេញ)៖ ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងបញ្ហាជម្លោះព្រំដែន ក្រុមហ៊ុន សោម៉ា គ្រុប និងបុត្រសម្ព័ន្ធរបស់ខ្លួន ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកជំទាវ ចម ក្រស្នា ដែលជាអគ្គនាយិកា បានរៀបចំឱ្យមានមូលនិធិដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយទទួលបានថវិកាជិត ៨០លានរៀល ព្រមទាំងសម្ភារៈមួយចំនួនទៀត មានដូចជាពងមាន់ សោម៉ា ហ្វាម ចំនួន ១២៣,០៨០គ្រាប់ សាច់គោស្រស់ចំនួន ១១,៩៨៣គីឡូក្រាម អង្ករចំនួន២តោន ភេសជ្ជៈកាហ្វេកញ្ចប់៣កេសធំ អាហារសម្រន់ ២,១៦០កញ្ចប់ ពីក្រុមហ៊ុន សូម៉ា ពាណិជ្ជ ព្រមទាំងថ្នាំពេទ្យចាំបាច់ចំនួន ១,៤៥០កញ្ចប់ផងដែរ ។
ជាមួយគ្នានេះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន សោម៉ា គ្រុប ព្រមទាំងបុត្រសម្ព័ន្ធ សូមធ្វើការកោតសរសើរ និងគោរពនូវវីរៈភាព នៃវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាយើង ដែលកំពុងបំពេញបេសកកម្មដើម្បីជាតិមាតុភូមិនៃយើង ។ យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណជានិច្ចចំពោះវីរៈភាពដ៏ធំធេងមួយនេះ នៃការលះបង់របស់កងទ័ពកម្ពុជាយើង ។
គួរជម្រាបផងដែរថា ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បើទោះបីបច្ចុប្បន្នមានការអនុវត្តនូវ «បទឈប់បាញ់» ក៏ពិតមែន ប៉ុន្តែបងប្អូនជនភៀសសឹកមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅកាន់ទីលំនៅឋានដ៏កក់ក្ដៅរបស់ខ្លួនបានឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន បានទទួលរងការខូចខាតជាខ្លាំង ព្រមទាំងអាចនៅមានសល់គ្រាប់បែកមិនទាន់ផ្ទុះផ្សេងៗ ដែលសល់ពីការបាញ់ប្រហារ ។ ហេតុនេះហើយទើបបានជាជំនួយពីសប្បុរសជន ពិតជាសំខាន់ ដើម្បីអាចជួយសម្រាលបន្ទុករស់នៅរបស់ពួកគាត់ ក៏ដូចជាបញ្ជាក់ថា នៅមានបងប្អូនខ្មែរយើងជាច្រើនទៀត ដែលស្ម័គ្រចិត្តនៅក្បែររំលែកការលំបាករបស់ពួកគាត់ រហូតប្រទេសជាតិយើងទទួលបានសន្តិភាពពេញលេញឡើងវិញ ៕
ដោយ / គ្រី សម្បត្តិ






