លោក ពូទីន សរសើរកងទ័ពកូរ៉េខាងជើងថា ជា “វីរជន”

ព្យុងយ៉ាង ៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសរសើរកងទ័ពកូរ៉េខាងជើង ដែលបញ្ជូនមកជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនថា ជា “វីរជន” នៅក្នុងសារលិខិតផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ចុះផ្សាយនៅថ្ងៃទី១៥ ខែសីហានេះ។

សារលិខិតរបស់លោកប្រធានាធិបតី ពូទីន ត្រូវបានផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើង តាមរយៈគណៈប្រតិភូរុស្ស៊ីទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ជាទីដែលសភាឌូម៉ារុស្ស៊ីបានថ្លែងអំណរគុណដល់លោក គីម ជុងអ៊ុន ដែលបានបញ្ជូនទាហានដ៏អស្ចារ្យទៅជួយប្រយុទ្ធនឹងអ៊ុយក្រែន ព្រមទាំងចូលរួមប្រារព្ធខួបលើកទី៨០ នៃការរំដោះប្រទេសកូរ៉េ។

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង, លោកប្រធានាធិបតី ពូទីន បានបញ្ជាក់នៅក្នុងសារលិខិតនោះថា សង្គ្រាមនៅអ៊ុយក្រែនបានសបញ្ជាក់ពីការចូលរួមរបស់ទាហានកូរ៉េខាងជើង ក្នុងនាមជាវីរៈបុរសរំដោះទឹកដីនៃតំបន់ Kursk របស់រុស្ស៊ីចេញពីកណ្តាប់ដៃកងកម្លាំងអ៊ុយក្រែន។ លោកថា ប្រជាជនរុស្ស៊ីនឹងរក្សាការចងចាំនៃភាពក្លាហាន និងការលះបង់អាយុជីវិតខ្លួនឯង ដើម្បីបុព្វហេតុនេះជារៀងរហូត។

មេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា រុស្ស៊ី-កូរ៉េខាងជើងនឹងបន្តធ្វើសកម្មភាពរួមគ្នា និងការពារអធិបតេយ្យភាពប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកដ៏ត្រឹមត្រូវ និងពហុប៉ូល។

គួរកត់សម្គាល់ រុស្ស៊ី-កូរ៉េខាងជើងបាននឹងកំពុងបង្កើតទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើង ក្រោយសម្ព័ន្ធមិត្តដែកថែបទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកកាលពីឆ្នាំមុន នៅពេលដែលលោកប្រធានាធិបតី ពូទីន បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។

តួយ៉ាង កាលពីខែមេសា កូរ៉េខាងជើងបានអះអាងជាលើកដំបូង ពីការដាក់ពង្រាយទាហានរបស់ខ្លួនទៅកាន់សមរភូមិជួរមុខជួយប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង និងលោកខាងលិច, កូរ៉េខាងជើងបានបញ្ជូនទាហានជាង ១០.០០០នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ រួមជាមួយកាំភ្លើងធំ មីស៊ីល និងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ។ ទាហានកូរ៉េខាងជើងប្រហែល ៦០០នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសក្នុងការប្រយុទ្ធដើម្បីរុស្ស៊ីនៅអ៊ុយក្រែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner