ប្រជាជនឥណ្ឌូណេស៊ីជាង ៣៦០ នាក់ពុលអាហារ

ហ្សាកាតា ៖ មន្ត្រីឥណ្ឌូណេស៊ីម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រជាជនច្រើនជាង ៣៦០នាក់បានធ្លាក់ខ្លួនឈឺនៅទីក្រុង Sragen ភាគកណ្តាលកោះជ្វា បន្ទាប់ពីញុំាអាហារថ្ងៃត្រង់នៅក្នុងសាលារៀនមួយកន្លែង ដែលនេះជាករណីពុលអាហារធំបំផុត ប៉ះពាល់ដល់កម្មវិធីផ្តល់អាហារឥតគិតថ្លៃរបស់លោកប្រធានាធិបតី Prabowo Subianto។

អភិបាលក្រុង Sragen លោក Sigit Pamungkas បាននិយាយថា មនុស្សប្រមាណ ៣៦៥នាក់បានធ្លាក់ខ្លួនឈឺភ្លាមៗ ហើយសំណាកចំណីអាហារដែលសង្ស័យកំពុងត្រូវបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍។ ហើយក្នុងករណីចាំបាច់ រដ្ឋាភិបាលនឹងចេញថ្លៃព្យាបាលដល់អ្នកជំងឺទាំងអស់។

បើតាមសម្តីរបស់ជនរងគ្រោះដែលជាសិស្សថ្នាក់ទី៩, រូបគេចាប់ផ្តើមមានអាការៈឈឺពោះ ឈឺក្បាល និងរាគ ដែលប្រហែលមកពីការពុលចំណីអាហារ ហើយករណីដូចគ្នានេះ ក៏ត្រូវបានមិត្តរួមថ្នាក់របស់គេបង្ហោះសារបណ្តាញសង្គមផងដែរ។

ជាមួយគ្នានេះ លោកអភិបាលក្រុងបានស្នើសុំឱ្យបញ្ឈប់ការចែកចាយចំណីអាហារនៅក្នុងសាលារៀននោះជាបណ្តោះអាសន្ន រហូតដល់លទ្ធផលនៅមន្ទីរពិសោធន៍ចេញជាផ្លូវការ។

ចាប់តាំងពីបើកដំណើរការនៅក្នុងខែមករាដើមឆ្នាំ កម្មវិធីផ្តល់អាហារឥតគិតថ្លៃនៅតាមសាលារៀន បានរងការរំខានខ្លាំងដោយសារតែករណីពុលអាហារដ៏ធំនៅទូទាំងប្រជុំកោះ ដែលប៉ះពាលដល់សុខភាពមនុស្សច្រើនជាង ១.០០០នាក់រួចមកហើយ។

កម្មវិធីផ្តល់អាហារឥតគិតថ្លៃនេះ ត្រូវបានពង្រីកយ៉ាងឆាប់រហ័សដល់អ្នកទទួលជាង ១៥លាននាក់ហើយ គិតមកទល់ពេលនេះ។ អាជ្ញាធរឥណ្ឌូណេស៊ីគ្រោងនឹងចែកចាយដល់មនុស្សប្រហែល ៨៣លាននៅត្រឹមចុងឆ្នាំនេះ ជាមួយនឹងការចំណាយថវិកាសរុបចំនួន ១០.៦២ពាន់លានដុល្លារ។

សូមរម្លឹកថា សម្រាប់ករណីពុលអាហារក្នុងទីក្រុងមួយនៅលើកោះជ្វាខាងលិចកាលពីខែឧសភា សិស្សសាលាជាង ២០០នាក់បានធ្លាក់ខ្លួនឈឺ ហើយមន្ទីរពិសោធន៍មួយបានរកឃើញថា ចំណីអាហារទាំងនោះ មានផ្ទុកទៅដោយបាក់តេរី Salmonella និង E. coli៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner