រាជធានីភ្នំពេញ និង ខេត្តកំពង់ធំ ចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម នួ ន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណង មិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការជាមិត្តភាពឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាននិងជាសាក្សីពី ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ធំ ។
ឯកឧត្ដម នួន ផារ័ត្ន លើកឡើងថា ៖ ឯកឧត្ដមបានបំពេញការងារជាអភិបាលរងរាជធានីភ្នំពេញចំនួន ៧ឆ្នាំ និងបាន អរគុណចំពោះការបណ្តុះបណ្តាសមត្ថភាពថ្នាក់ក្រោមជាតិពី ឯកឧត្ដម ឃួង ស្រេង រហូតឯកឧត្ដមទទួលបានការជឿទុកចិត្តពីរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយពេលនេះត្រូវបានសម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីឱ្យចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ។
ឯកឧត្ដម នួន ផារ័ត្ន បានបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យខេត្តកំពង់ធំរៀនសូត្របានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្តកំពង់ធំឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ៖ ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយខេត្តកំពុងធំនេះ វានឹងជួយកសាងបរិយាកាសអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការ អភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ។
ឯកឧត្ដម ឃួង ស្រេង បន្តថា ខេត្តកំពង់ធំ ជាខេត្តទី២ ដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួុយរាជធានីភ្នំពេញ បន្ទាប់ពីខេត្តព្រះវិហារ។ ដោយសារខេត្តកំពង់ធំនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្ម ជា«ខេត្តអធិរាជស្វាយចន្ទី » ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសទីចាត់ការវិនិយោគ ជួយកៀរគរអ្នកវិនិយោគឱ្យបានច្រើនទៅវិនិយោគនៅខេត្តកំពង់ធំ យើងត្រូវស្វាគមន៍អ្នកវិនិយោគព្រមៗគ្នា ដើម្បីឱ្យប្រទេសកម្ពុជាយើងមានចំណូលកាន់តែច្រើន ៕








ដោយ ហេង សម្បត្តិ+ថេត វិចិត្រ