ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ”

ភ្នំពេញ៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ” នៅទីស្តីការក្រសួង ដោយ មានការអញ្ជើញចូលរួមពី តំណាងអន្តរក្រសួង មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នីតិកម្ម បច្ចេកវិទ្យាឌីជីថល អង្គការសង្គមស៊ីវិល សរុបប្រមាណ ៦៦ រូប។

កិច្ចប្រជុំនេះធ្វើឡើងកាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ជូននូវវឌ្ឍនភាពនៃការអនុវត្តចំណុចមួយចំនួនដែលបានឯកភាពគ្នាកាលពីកិច្ចប្រជុំបង្កើតប្រព័ន្ធរាយការណ៍រួមដើម្បីត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ យន្តការរាយការណ៍ និងការដកហូត ដែលបានប្រពឹត្តិទៅកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្នើសុំរៀបចំបង្កើតក្រុមការងារអន្តរក្រសួងត្រួតពិនិត្យមាតិកាលើប្រព័ន្ធអនឡាញ និងក្រុមការងារត្រួតពិនិត្យមាតិកាតាមវិស័យ និងរៀបដំណើរការតេស្តប្រព័ន្ធរាយការណ៍សាកល្បងនាពេលខាងមុខដ៏ឆាប់។

លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ក.ប.ទ. ជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល និងជំរុញការប្រើប្រាស់ ក្នុងនោះផងដែរកិច្ចការពារសុវត្ថិភាពអ្នកប្រើប្រាស់ ក.ប.ទ. បានយកចិត្តទុកដាក់តាមរយៈការបង្កើតប្រព័ន្ធរាយការណ៍ និងយន្តការក្រុមការងារអន្តរក្រសួងនេះឡើងដើម្បីបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញ ធានាផលប្រយោជន៍ និងសុខុមាលភាពពលរដ្ឋ និងសង្គមកម្ពុជា។ បន្ថែមលើនេះ ជាយុទ្ធសាស្ត្រក្នុងការជំរុញក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល អនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ (COP Guidelines) ចាំបាច់ត្រូវមានប្រព័ន្ធរាយការណ៍និងគ្រប់គ្រងករណី ដើម្បីឆ្លើយតបទៅនឹងរូបភាព សម្ភារៈរំលោភបំពានផ្លូវភេទកុមារ (CSAM) ព្រមទាំងអាចដឹងអំពីនិន្នាការដែលកំពុងកើតមានឡើងនៅលើប្រព័ន្ធអនឡាញតាមរយៈទិន្ន័យបានមកពីប្រព័ន្ធរាយការណ៍នេះ ដែលអនុញ្ញាតឱ្យយើងអាចវិភាគ និងដាក់ចេញនូវគោលនយោបាយដោះស្រាយបញ្ហាចំគោលដៅប្រកបដោយប្រសិទ្ធភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner