ឯកឧត្តមហ៊ុន ម៉ានីថា ៖ ដើម្បីជម្នះឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើងឱ្យរឹងមាំ និងភាពម្ចាស់ការ
(ភ្នំពេញ) ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបង្ហោះសំណេរលើបណ្តាញសង្គម នាថ្ងៃទី១៥ខែសីហានេះ ពោរពេញដោយអត្ថន័យដាស់តឿនសតិអារម្មណ៍ ពញ្ញាក់ស្មារតី ចាក់ជ្រៅក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូបឲ្យចងចាំនូវភាពឈឺចាប់ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបឧបសគ្គដោយសត្រូវឈ្លានពានទន្ទ្រានដណ្តើមយកទឹកដី ពីសំណាកទាហានថៃចាប់តាំងពីថ្ងៃទី២៤ កក្កដា មកដល់បច្ចុប្បន្ន ។
ឯកឧត្តមហ៊ុន ម៉ានីបានពោលថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ខ្ញុំ យល់ច្បាស់ពីទឹកចិត្ត វីរៈភាព ព្រមទាំងមនោសញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅ និងប្តូរផ្តាច់របស់បងប្អូន ជាទីគោរពស្រឡាញ់ទាំងអស់ ជាពិសេសចំពោះស្ថានភាពចំពោះមុខរបស់ជាតិ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយើង។
នៅក្នុងដំណាក់កាល និងកាលៈទេសៈបែបនេះ ខ្ញុំយល់ថា ដើម្បីជម្នះបានទាំងឧបសគ្គចំពោះមុខ និងតទៅអនាគតយូរអង្វែង អ្វីដែលត្រូវធ្វើ គឺការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនយើង ឱ្យមានភាពរឹងមាំ និងភាពម្ចាស់ការ។ យើងត្រូវយកឱកាសនេះប្រឹងប្រែងផលិតនូវអ្វីដែលជាតម្រូវការទ្រទ្រង់ការរស់នៅប្រចាំថ្ងៃរបស់យើងឱ្យបាន ឱ្យយើងមានឯករាជ្យភាពទាំងសមត្ថភាព និងផលិតភាព។ យើងក៏ត្រូវយកឱកាសនេះរួមគ្នាខិតខំបង្ហាញ និងលើកតម្កើងនូវអ្វីដែលជាផលិតផលក្នុងស្រុករបស់យើងឱ្យខ្លាំងក្លា និងដើម្បីពង្រឹងសមត្ថភាពផ្គត់ផ្គង់របស់យើងឱ្យបានគ្រប់គ្រាន់ និងពេញលេញ ជាជាងចំណាយពេលធ្វើចលនាពហិការទំនិញ និងផលិតផលបរទេស ដែលចំណែកណានោះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ច និងការងាររបស់ខ្មែរយើងរួចទៅហើយ។
ឯកឧត្តមបានលើកឡើងថា ៖ យើងក៏អាចពិចារណាផងដែរ លើអ្វីដែលអាចឈានលើសពីពហិការទំនិញ ឱ្យក្លាយទៅជាសង្គ្រាមពាណិជ្ជកម្ម ដែលប្រការនេះទាមទារឲ្យមានការពិចារណាល្អិតល្អន់ជាងនេះ សម្រាប់អនាគតយូរអង្វែងទៅមុខ។ នេះជាមេរៀនដ៏សំខាន់ គឺការពង្រឹងខ្លួនយើងឱ្យកាន់តែរឹងមាំឡើង យើងត្រូវពង្រឹងជាប់ជានិច្ច ពីព្រោះថា ពេលយើងរឹងមាំ នោះការនាំចូលពីប្រទេសជិតខាងនឹងត្រូវបានកាត់បន្ថយជាស្វ័យប្រវត្តិ ហើយកម្ពុជាយើងនឹងឈានទៅរកភាពម្ចាស់ការលើទីផ្សារ នៃទំនិញនិងផលិតរបស់ខ្លួនបាន ជាក់ជាមិនខាន។ សារជាថ្មីម្តងទៀត ខ្ញុំបានយល់ពីទឹកចិត្តស្នេហាជាតិរបស់បងប្អូនជនរួមជាតិ។
ទោះយ៉ាងណាក្តី ពេលនេះ ម៉ោងនេះ ខ្ញុំស្នើសុំបងប្អូនជនរួមជាតិ បន្តផ្តល់នូវសំឡេងស្នេហាជាតិមួយរួមគ្នា ដើម្បីផ្តល់កម្លាំងចិត្ត ការគាំទ្រ និងភាពជឿជាក់លើកិច្ចខិតខំប្រឹងប្រែងក៏ដូចជារាល់វិធានការ របស់សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធដែលកំពុងដឹកនាំ អនុវត្តការងារស្នូល ជាយុទ្ធសាស្ត្រ សំខាន់បំផុត ទាំងលើការដ្ឋានយោធា ការដ្ឋានការទូត និងការដ្ឋានច្បាប់ ជាពិសេស ការគោរពបទឈប់បាញ់ ឈានឆ្ពោះទៅការបញ្ចប់សង្គ្រាម ដើម្បីកម្ពុជាទទួលមកវិញនូវសន្តិភាពពេញលេញ ៕
ដោយ ៖ ជាវ ចន្ធូ




