កិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន។ កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែន ដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ ។

កម្ពុជា ស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង។ កម្ពុជាថ្លែងអំណរគុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និង ថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី ។

កម្ពុជា រក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ កម្ពុជា សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ របស់អាស៊ាន។

លើសពីនេះ កម្ពុជាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីអនុញ្ញាតឱ្យ តាមដែលអាចធ្វើទៅបាន ។ យន្តការនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្តីសម្រេចក្នុងកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។

កម្ពុជា ក៏សូមថ្លែងអំណរគុណដល់ប្រទេសចិនចំពោះឆន្ទៈក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងឡើងវិញក្រោយជម្លោះ។ ការចូលរួមនេះ បង្ហាញពីការប្តេជ្ញារួមចំពោះការកសាងសន្តិភាពរយៈ ពេលវែង និងការស្តារឡើងវិញនៃសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធថ្មីៗនេះ។

លើសពីនេះ កម្ពុជា កោតសរសើរចំពោះការបន្តរួមចំណែករបស់ប្រទេសចិន ដល់កិច្ចខិតខំ ប្រឹងប្រែងដោះមីនមនុស្សធម៌។ ខណៈពេលដែលកម្ពុជា ស្វាគមន៍ការគាំទ្រនេះ កម្ពុជា យល់ឃើញថា រាល់សកម្មភាពដោះមីន គួរផ្តោតជាចម្បងលើតំបន់អាទិភាព ដែលត្រូវកំណត់ និងសម្រេចរួមគ្នា ដោយគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ដែលនេះជាជំហានសំខាន់មួយ ក្នុងការបង្កើនសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

កម្ពុជា នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងតំបន់ ដើម្បីថែរក្សាសន្តិភាព កសាងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធានាបាននូវស្ថិរភាព យូរអង្វែងក្នុងតំបន់ ៕

ដផយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner