កិច្ចប្រជុំវិសាមញ្ញក្រុមលេខា RBC នៅថ្ងៃទី១៥សីហា ទទួលលទ្ធផលវិជ្ជមានមួយចំនួន
(ភ្នំពេញ)៖ កិច្ចប្រជុំវិសាមញ្ញក្រុមលេខា នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តត្រាត ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានលទ្ធផលវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ។
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា៖ កិច្ចប្រជុំវិសាមញ្ញក្រុមលេខា នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) លើកទី២៧ រវាងយោធភូមិទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី-ត្រាត នៅខេត្តត្រាត ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ មានលទ្ធផលវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិទី៣ នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី-ត្រាត នៅខេត្តត្រាត ប្រទេសថៃ នឹងប្រព្រឹត្តិទៅមួយថ្ងៃពេញ។
យើងសង្ឃឹមថា នឹងមានលទ្ធផលវិជ្ជមានបន្ថែមទៀត ដែលអនុញ្ញាតឱ្យភាគីទាំងពីរ ជំរុញអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាព និងបានពេញលេញ ហើយនឹងនាំមកនូវសន្តិភាព ស្ថិរភាព និងស្ថានភាពប្រក្រតីវិលត្រលប់មកវិញឆាប់រហ័ស ៕
ដោយ វណ្ណលុក
រូប វ៉េង លីមហួត