សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រួសារវីរៈយុទ្ធជន ១រូប រស់នៅខេត្តកំពត ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់

(ខេត្តកំពត)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនភរិយា និងម្តាយរបស់វីរៈយុទ្ធជន ១រូប រស់នៅភូមិតេជោអភិវឌ្ឍន៍តាកែនកោះស្លា ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលត្រូវបានចាប់ខ្លួនដោយទាហានថៃ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពីបទឈប់បាញ់ចូលជាធរមាន នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ក្នុងពេលបំពេញភារកិច្ចនៅព្រំដែន ។

លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច និងសូមថែទាំសុខភាពឱ្យបានល្អ ។ ជាមួយគ្នានេះ អនុលោមតាមអនុសញ្ញាហ្សឺណែវទី៣ ឆ្នាំ១៩២៩ ក្រុមគ្រួសាររបស់វីរៈយុទ្ធជនរងគ្រោះខាងលើ ក៏បានសរសេរព័ត៌មានគ្រួសារសម្រាប់បញ្ជូនទៅកាន់យុទ្ធជនដែលកំពុងឃុំខ្លួននៅប្រទេសថៃ ដែលការបញ្ជូនសារនេះ គឺធ្វើឡើងតាមរយៈ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយផ្តល់ជូនរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ។

នៅថ្ងៃដដែល លោកជំទាវអគ្គក៏បានចុះសួរសុខទុក្ខ អ្នកជំងឺ ៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៊ុនរ៉ានីហ៊ុនសែនកោះស្លា ស្ថិតនៅភូមិអភិវឌ្ឍន៍តាកែនកោះស្លា ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត និងប្រគេនទេយ្យទានដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តគីរិសែនជ័យ ។

ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួន និងជូនពរអ្នកជំងឺទាំង៥នាក់ឆាប់បានជាសះស្បើយ និងសូមថែទាំសុខភាពឱ្យបានល្អ។

លោកជំទាវអគ្គលេខាធិការ និងសហការី ក៏បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន មានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យមួយចំនួន ប្រគេនព្រះចៅអធិការ និងព្រះសង្ឃ ៩អង្គ ដែលគង់ចាំព្រះវស្សានៅវត្តគីរិសែនជ័យ ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner