សហគមន៍កសិកម្មទំនើប «អភិវឌ្ឍដំណាំស្រូវកំពង់ធំ» ប្រមូលផលស្រូវ OM លក់តាមកិច្ចសន្យាក្នុងតម្លៃ ១ពាន់រៀលក្នុងមួយគីឡូក្រាម

(ភ្នំពេញ)៖ សហគមន៍កសិកម្មទំនើប «អភិវឌ្ឍដំណាំស្រូវកំពង់ធំ» នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចាប់ផ្ដើមប្រមូលផលពូជស្រូវ OM 4900 ក្រោយពីបានដាំដុះតាមការចុះកិច្ចសន្យាទុកមុនជាមួយក្រុមហ៊ុន BRM Agro ក្នុងតម្លៃ ១០០០រៀល ក្នុងមួយគីឡូក្រាម ។

ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥នេះថា ៖ ក្រសួងតែងតែជំរុញសហគមន៍កសិកម្មទំនើប ចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រក្នុងស្រុក ប៉ុន្តែសហគមន៍ក៏អាចចុះកិច្ចសន្យាដាំដុះពូជដទៃបានដែរ ប្រសិនបើសហគមន៍ទទួលបានតម្លៃ និងលក្ខខណ្ឌល្អពីដៃគូជាអ្នកទិញ ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា នេះគឺជាការប្រមូលផលជុំដំបូងរបស់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ដែលនៅទីនេះគឺមានលក្ខណៈពិសេសខុសពីសហគមន៍កសិកម្មទំនើបដទៃ ដោយសារតែសហគមន៍កសិកម្មទំនើបនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំនេះគឺពួកគាត់បានធ្វើការដាំដុះពូជស្រូវប្រភេទ OM 4900 ដោយបានធ្វើកិច្ចសន្យាលក់ជូនក្រុមហ៊ុនក្នុងតម្លៃ ១០០០រៀល ក្នុង ១គីឡូក្រាម ។

អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងដែរថា អ្វីដែលជាចំណុចកាន់តែពិសេសនៅក្នុងសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវនៅកម្ពុជាគឺយើងមិនតម្រូវថាចាំបាច់ត្រូវតែដាំស្រូវប្រភេទណានោះទេ ដោយជាការពិតគឺក្រសួងចង់លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករធ្វើការដាំដុះនូវពូជយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែក្នុងករណីដែលយើងមានលទ្ធភាពក្នុងការស្វែងរកតម្លៃល្អសម្រាប់ពូជប្រភេទផ្សេងដែលមិនមែនជាពូជក្នុងស្រុករបស់យើងក៏យើងអាចពិចារណាធ្វើទៅបាន ។

ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់បន្ថែមថា ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះតាមកិច្ចសន្យាទុកមុន គឺអាចជួយពុកម៉ែបងប្អូនប្រជាកសិករចៀសផុតពីហានិភ័យនៃការប្រែប្រួលថ្លៃស្រូវ និងធានាទីផ្សារទុកមុន ហើយថាក្រសួងត្រៀមខ្លួនជានិច្ច ដើម្បីជួយជ្រោមជ្រែងការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលផលចំណេញទាំងអស់គ្នា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner