ក្រុងកៀវ ថា រុស្ស៊ីបាញ់ដ្រូន៨៥គ្រឿងចូលអ៊ុយក្រែន បន្ទាប់ពីលោកត្រាំ ជួបលោកពូទីន
កៀវ ៖ អ៊ុយក្រែនបានអះអាងថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ចំនួន ៨៥ គ្រឿង និង កាំជ្រួចមួយគ្រាប់ វាយប្រហារចូលទៅក្នុងទឹកដី របស់អ៊ុយក្រែន បន្ទាប់ពីលោក ត្រាំ និងលោក ពូទីន ជួបគ្នា រួចរាល់។
ទីក្រុង Kyiv បាននិយាយ នៅថ្ងៃសៅរ៍នេះ ថា រុស្ស៊ីបានវាយប្រហារ ពេញមួយយប់ បន្ទាប់ពីមេដឹកនាំរុស្ស៊ី លោក Vladimir Putin និង ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបពិភាក្សាគ្នា នៅរដ្ឋ Alaska។
កងកម្លាំងអាកាស របស់អ៊ុយក្រែន បាននិយាយថា ទីក្រុងមូស្គូ បានវាយប្រហារ ដោយកាំជ្រួចមីស៊ីលផ្លោង Iskander-M និងយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ៨៥ គ្រឿង ខណៈពេលដែលគេបើកការវាយប្រហារ “តំបន់ជួរមុខ” នៅក្នុងទីតាំង ចំនួន ៤។
ទីក្រុង Kyiv បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ចំនួន ៦១ គ្រឿង។
ជាការកត់សម្គាល់ កិច្ចប្រជុំកំពូល Trump-Putin កាលពីថ្ងៃទី១៥ ខែសីហា បានបិទបញ្ចប់ ដោយគ្មានការប្រកាសបទឈប់បាញ់ បើទោះបីជាលោកខាងលិច បានដាក់សម្ពាធ លើវិមានក្រឹមឡាំង អស់ជាច្រើនខែ ដើម្បីប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នា ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត