សមាជិក ស.ស.យ.ក. ២ពាន់នាក់ទទួលបានការបណ្តុះបណ្តាល ការចុះឈ្មោះស្វែងរកការងារ ជូនដល់បងប្អូនពលករមកពីត្រឡប់មកពីប្រទេសថៃ
(ភ្នំពេញ)៖ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទូទាំងរាជធានី ខេត្ត ២ពាន់នាក់ ទទួលបានការបណ្តុះបណ្តាលពីការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មាន ទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើបន្តនៅតាមទីតាំងដែលខ្លួនចង់ធ្វើ ។

ពិធីនេះធ្វើឡើងនាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីអនុវត្តន៍នូវគោលនយោបាយ និងការគិតគូរដោយការយកចិត្តទុដាក់ របស់រាជរដ្ឋាភិបាល ត្រូវតែមានការចូលរួមចំណែក ទាំងអស់គ្នា ហើយកិច្ចការងារនេះមិនអាចធ្វើតែមួយថ្ងៃ គឺត្រូវធ្វើរយៈពេលយូរ។ ការគិតគូររកការងារធ្វើជូនបងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃវិញ មានបំណងចង់បន្តធ្វើការនៅក្នុងស្រុក គឺត្រូវមានការផ្សព្វផ្សាយជាប្រចាំ ដោយចូលរួមចំណែកយ៉ាងស្រស្រាក់ស្រាំដើម្បីដោះស្រាយបញ្ហាញនេះ ។

ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាល២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើង ជាបន្តបន្ទាប់ ខណៈដែលការងារនៅជិតផ្ទះមានកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ ។ តាមរយៈចូលរួមផ្សព្វផ្សាយពីការងារនៅក្នុងស្រុក របស់ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅតាមបណ្តារាជធានីខេត្ត គឺបានចូលរួមជួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាបងប្អូនប្រជាពលករគាត់ទទួលបានការងារដោយមិនចាំបាច់វិលត្រឡប់ទៅវិញ ដែលអាចទទួលរងនូវហានិភ័យ មើលងាយពីពួកក្រុមជ្រុលនិយម ធ្វើបាបមកលើបងប្អូនពលករយើងនៅប្រទេសជិតខាង។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងនាមជាកូនខ្មែរជាចម្បងកត្តាសាមគ្គី ស្មារតី និងឆន្ទៈ ទឹកចិត្ត ការរួបរួមប្រឆាំងការឈ្លានពាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់វីរៈកងទ័ព ដែលកំពុងតែឈរជើងនៅតាមព្រំដែន» ។ ក្រុមគ្រួសារ ស.ស.យ.ក. មិនឈរឱបដៃពេលប្រទេសនិងប្រជាជនត្រូវការយើងនោះទេ គឺយើងត្រូវតែចូលរួមចំណែកទាំងអស់គ្នា ពេលប្រទេសមានវិបត្តិ ដែលជាផ្នែកមួយក្នុងការដោះស្រាយបញ្ហា ។

ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅប្រទេសកម្ពុជាយើង មានរោងចក្រសហគ្រាសជាច្រើនកំពុងត្រូវការបុគ្គលិករាប់សិបម៉ឺននាក់ ក្នុងខណៈពេលដែលប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៩០ម៉ឺននាក់ កំពុងតែស្វែងរកការងារ ហេតុនេះការចូលរួមសម្របសម្រួលពីសមាជិក សមាជិកា ស.ស.យ.ក. ក្នុងការផ្តល់ព័ត៌មានការងារជូនប្រជាពលករយើងនឹងអាចជួយជីវភាពរស់នៅរបស់ពួកគាត់ ។

គួរបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលដល់សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត ដែលជាជនបង្គោល និងជាភ្នាក់ងារដ៏សំខាន់នៅក្នុងការស្វែងរកការងារជូនប្រជាពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ ក្រោមស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ» យុវជន ស.ស.យ.ក. និងធ្វើការផ្សព្វផ្សាយ កម្មវិធីស្វែងរកការងារ ស្វែងរកបុគ្គលិក តាមរយៈ លេខ១២៩៧ ឬអាចស្កែនQR Code និងការជិះកង់ផ្សព្វផ្សាយការងារ នៅតាមភូមិឃុំ និងមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមបណ្តារាជធានីខេត្តផងដែរ។ បន្ថែមពីនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលករ អាចទៅចុះឈ្មោះនិងសាកសួរព័ត៌មានស្វែងរកការងារធ្វើនៅ តាមទីតាំងតាមបណ្តាខេត្តក្នុងនោះ មាននៅកន្លែងធ្វើបណ្ណ ប ស ស និង សាលបណ្តុះបណ្តាលពហុបច្ចេកទេស ក្រោមឱវាទរបស់ក្រសួងការងារ ផងដែរ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
