យន្តហោះចម្បាំងអាមេរិកអមដំណើរយន្តហោះរបស់លោកពូទីន ចាកចេញពីអាឡាស្កា
បរទេស ៖ យន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក បានអមដំណើរយន្តហោះ របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ពេលហោះ ចាកចេញពីរដ្ឋ អាឡាស្កា បន្ទាប់ពីបានជួបចរចា ជាមួយ លោក ដូណាល់ ត្រាំ រួចរាល់។

រូបភាពពីសេវាសារព័ត៌មាន របស់វិមានក្រឹមឡាំង បានបង្ហាញពីយន្តហោះចម្បាំងអាមេរិក F-22 ចំនួន២គ្រឿង ដែលអមដំណើរការហោះហើរយន្តហោះ របស់ប្រធានាធិបតីរុស្ស៊ី ចាកចេញពីអាឡាស្កា ទៅកាន់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៥ ខែសីហា។
លោក វ្ល៉ាឌីមៀ ពូទីន បានចាកចេញ ពីរដ្ឋអាឡាស្កា បន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ចប់ លឿនជាងការរំពឹងទុក។
ជាការកត់សម្គាល់ កិច្ចប្រជុំកំពូល Trump-Putin បានបិទបញ្ចប់ ដោយគ្មានការប្រកាសបទឈប់បាញ់ បើទោះបីជាលោកខាងលិច បានដាក់សម្ពាធ លើវិមានក្រឹមឡាំង អស់ជាច្រើនខែ ដើម្បីប្តេជ្ញាបញ្ឈប់ការប្រយុទ្ធគ្នា ក៏ដោយ ប៉ុន្តែ មេដឹកនាំទាំងពីរ អះអាងថា មានលទ្ធផលល្អ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
