កងទ័ពកម្ពុជា ប្រាប់ភាគីថៃឱ្យចៀសវាងសកម្មភាព ណាដែលបង្កឱ្យមានភាពតានតឹង ដោយក្នុងនេះរាប់បញ្ចូលទាំងការរាយបន្លាសលួស

(ភ្នំពេញ)៖ កម្ពុជាបានគូសបញ្ជាក់ប្រាប់ដល់ភាគីថៃ អំពីភាពចាំបាច់ក្នុងការជៀសវាងសកម្មភាពទាំងឡាយណាដែលអាច បង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុ ដោយរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិច បំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដោយហេតុថាសកម្មភាពទាំងនេះអាចបំផ្លាញទំនុកចិត្ត និងធ្វើឱ្យប៉ះ ពាល់ដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសក្នុងការរក្សាស្ថិរភាព និងសន្តិភាព ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ ។

គួរបញ្ជាក់ថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) បានរៀបចំឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីឯក អភិឆាត សាប់ប្រសើត មេបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែន ថ្នាក់យោធភូមិភាគ (RBC)។

សេចក្តីប្រកាសបានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារប្រក្រតីភាពឡើងវិញតាមបណ្តោយព្រំដែន កម្ពុជាបានជំរុញឱ្យភាគីទាំង ពីរស្វែងរកវិធានការសំខាន់ៗ និងជាក់ស្តែងដែលអាចអនុវត្តបាន ដើម្បីឱ្យទំនាក់ទំនងលើគ្រប់វិស័យវិល ត្រឡប់ទៅរកស្ថានភាពធម្មតាវិញឱ្យបានឆាប់រហ័ស។ សកម្មភាពទាំងនេះនឹងជួយលើកកម្ពស់ភាពជឿជាក់ និងទំនុកចិត្តរវាងគ្នាទៅវិញទៅមក ហើយក៏អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។

យោងតាមសេចក្តីប្រកាសនេះបានបញ្ជាក់ថាភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បី ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោល បំណងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅ ពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។

សេចក្តីប្រកាសនេះបានឱ្យដឹងបន្ថែមថា ក្នុងកិច្ចប្រជុំ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈ កម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner