ព្រះសង្ឃខេត្តសៀមរាប នាំយកវិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាជំនួយរបស់សប្បុរសជនខ្មែរនៅអាមេរិកទៅផ្តល់ជូនវីរកងទ័ពជួរមុខនៃខេត្តឧត្តរមានជ័យ

សៀមរាប៖ព្រះសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ បាននាំយក វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ ដែលជាជំនួយឧបត្ថម្ភពីសប្បុរសជនខ្មែរសហរដ្ឋអាមេរិក ផ្តួចផ្តើមដោយព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាមសហរដ្ឋអាមេរិក តាមរយៈព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត ក្រុងសៀមរាប យកទៅផ្តល់ជូនវីរកងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែននៃខេត្តឧត្តរមានជ័យ។

ព្រះសច្ចានុបាល នឿម វុទ្ធី បានមានសង្ឃដីកាថា ក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា លើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃព្រះតេជគុណ គង់ ហែមរង្សី ព្រះចៅអធិការវត្តខេមរារាម រួមជាមួយសប្បុរសជនខ្មែរនៅសហរដ្ឋអាមេរិក ទោះបីជានៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែនៅតែមានទឹកចិត្ត ទឹកព្រះទ័យ ចូលរួមលើកទឹកចិត្តដល់កងទ័ព ដែលមានដូចជា វិទ្យុទាក់ទង នឹងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខ។ការផ្តល់ជូននូវសម្ភារៈទាំងនេះ មិនមែនថា រាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែម។ ព្រះអង្គបានបន្តថា យើងពិតជាមានមោទកភាពចំពោះវីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្តីស្មោះត្រង់ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ៕
ដោយ: ប៊ុន រដ្ឋា

ads banner