លោក ត្រាំ ភ្ជាប់ជំនួបកំពូលនៅអាឡាស្កា ជាមួយបញ្ហាកម្ពុជា-ថៃ

វ៉ាស៊ីងតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានភ្ជាប់ជំនួបកំពូល ជាប្រវត្ថិសាស្ត្រ នៅរដ្ឋអាឡាស្កា ជាមួយនឹងបញ្ហា រវាងកម្ពុជានិងថៃ ដោយលោក សង្ឃឹមថា ប្រទេសទាំងពីរ នឹងមិនបន្តជម្លោះ។

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ លើយន្តហោះ ជាមួយទីភ្នាក់ងារព័ត៌មាន Fox News នៅប៉ុន្មានម៉ោង បន្ទាប់ពីបានជួបលោក ពូទីន មេដឹកនាំរុស្ស៊ី នៅរដ្ឋអាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ត្រាំ បានលើកឡើង អំពីករណីជម្លោះព្រំដែនកម្ពុជាថៃ ជាមួយនឹងបញ្ហាសង្គ្រាម នៅអ៊ុយក្រែន។

នៅពេលដែលអ្នកសម្ភាសន៍ សួរលោកអំពីលទ្ធភាពថា តើ បើគ្មានបទឈប់ នៅអ៊ុយក្រែន ក្រោយការជួបគ្នានេះ តើអាចនឹងមានការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយអាចជះឥទ្ធិពល ដល់លោក ពូទីន ដែរ ឬ យ៉ាងណា?

លោក ប្រធានាធិបតី ដូណាល់ ត្រាំ ស្រាប់តែបានលើកឡើង អំពីជម្លោះកម្ពុជា-ថៃ មកពន្យល់បង្ហាញ ដោយលោកបានប្រាប់ អ្នកសម្ភាសន៍ ថា ប្រទេសទាំងពីរ មិនគួរប្រយុទ្ធគ្នាទៀតទេ ហើយលោកថែមទាំងព្រមាន ថា បើក្នុងពេលអនាគត នៅតែមិនព្រម បញ្ឈប់ជម្លោះទេ លោកនឹងលែងខ្វល់ខ្វាយ ពីជម្លោះនេះទៀតហើយ។ លោកបញ្ជាក់ថា លោកជា «ប្រធានាធិបតីដើម្បីបង្កើតកិច្ចព្រមព្រៀង» តែ លោកសង្ឃឹមថា ប្រទេសទាំងពីរ នឹងមិនបន្តការប្រយុទ្ធគ្នា។

គូររម្លឹកថា លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលសំដៅលើពន្ធគយបដិការ គឺមិនអាចកើតឡើង ជាមួយប្រទេសណា ដែលបន្តសម្លាប់មនុស្សទៀតទេ ដោយហាក់ចង់សំដៅថា ឲ្យបញ្ឈប់សង្គ្រាម។ ជាសារដែលលោកលើកឡើង ក្នុងពេលសម្របសម្រួល ឲ្យកម្ពុជានិងថៃ សម្រេចឲ្យមានបទឈប់បាញ់។

ជាការកត់សម្គាល់ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា លោក ដូណាល់ ត្រាំ បានសម្រេចទម្លាក់ពន្ធគយបដិការ ទាំងកម្ពុជា និងថៃ ពី៣៦ភាគរយ មកនៅត្រឹម ១៩ភាគរយ វិញ ហើយប្រទេសទាំងពីរ បានសាទរជាខ្លាំង ចំពោះរឿងនេះ៕

ប្រភពពី Fox News ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner