ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំ បើកដាក់ឲ្យដំណើរការ នៅមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំ បើកដាក់ឲ្យដំណើរការ នៅមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ.១៩ នៅមន្ទីរពេទ្យខេត្តសៀមរាប។ ដើម្បីពន្លឿនការធ្វើតេស្តរកមេរោគកូវីដ.១៩ ឲ្យបានកាន់តែឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនាទឹកដីអង្គរដ៏បវរផងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំ និងផ្តល់នូវសម្ភារ បរិក្ខារ និងការបណ្តុះបណ្តាល ដល់មន្រ្តីនៃមន្ទីរពេទ្យខេត្តសៀមរាប ដើម្បីបើកឲ្យដំណើរការ មន្ទីរពិសោធន៍នេះ។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនបងប្អូនជាបុគ្គលិក មន្រ្តីរាជការសុខាភិបាលទាំងអស់ និងបានសម្តែងនូវការកើតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីសុខាភិបាល និងអជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញមុខងារភារកិច្ចរបស់ខ្លួនដ៏យកចិត្តទុកដាក់ខ្ពស់ ដោយមិខខ្លាចនឿយហត់ ដើម្បីបំរើប្រជាពលរដ្ឋ ជាពិសេសក្នុងការការបង្ការ និងព្យាបាលជំងឺកូវីដ.១៩ ក្នុងពេលកន្លងមក។

មន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប បាននិងកំពុងរៀបចំប្រើម៉ាស៊ីន (GeneXpert) សំរាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ.១៩ ដែលវិធីសាស្រ្តនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងអង្គការ (FDA) របស់សហរដ្ឋអាម៉េរិក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញធ្វើយ៉ាងណាឲ្យមន្ទីរពិសោធន៍នេះ អាចចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុង២ទៅ៣សប្តាហ៍ខាងមុខនេះ។

ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា ក្រោយពីការៀបចំដំណើរការធ្វើតេស្តរកមេរោគកូវីដុ.១៩ នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដោយជោគជ័យក្រសួងសុខាភិបាល នឹងបន្តពង្រីកទៅខេត្តផ្សេងៗទៀត។ ដូច្នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ និងជាពិសេសបុគ្គលិក មន្រ្តីសុខាភិបាល និងមន្រ្តីពាក់ពន្ធ័ទាំងអស់ មេត្តាបន្តសហការគ្នាល្អ យកចិត្តទុកដាក់កំរិតខ្ពស់ ក្នុងការបង្ការការចំលងមេរោគកូវីដ.១៩ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន។

ថ្វីត្បិតតែបច្ចុប្បន្ននេះករណីថ្មី នៅប្រទេសកម្ពុជាយើង សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសក៏ដោយ ក៏សូមយើង ទាំងអស់គ្នាបន្តប្រុងប្រយ័ត្ន ការពារខ្លួនកំរិតខ្ពស់ព្រោះថា ហិនិភ័យនៃការចំលងមកកម្ពុជា នៅតែមានដោយសារ ការរាតត្បាតនៃមេរោគនេះ នៅក្នុងពិភពលោក ពុំទាន់ថមថយនៅឡើយ ហើយការចល័តប្រជាជនក្នុងពិភពលោក មានការកើនឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ៕ ដោយ៖ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner