ឯកឧត្តម ហ៊ីង ប៊ុនហៀង ប្រគេនទៀនវស្សា ៤៣វត្ត ក្នុងខេត្តកណ្តាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងឱកាសចូលរួមបុណ្យចូលព្រះវស្សាឆ្នាំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម និងលោកជំទាវ ប៊ែនវន្នី ព្រមទាំងបុត្រ បានវេរប្រគេនទៀនចំណាំព្រះវស្សា  ចំនួន ៤៣វត្ត នៅក្នុងខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិគ្រឹះក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងពិធីនេះ ក៏មាននិមន្តចូលរួមពីសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានថេរសភា នៃពុទ្ធសាសនា ព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ (ហៅវត្តស្រះចក), សម្តេចព្រះមេគណខេត្តកណ្ដាល និងព្រះមេគណខេត្តតាកែវ ទាំងពីរគណៈ។ បុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃទី១៥កើត ខែអស្សុជ មានរយៈពេលបីខែ ដែលពិធីបុណ្យនេះ ត្រូវបានប្រជាពុទ្ធបរិស័ទ្ធខ្មែរយើងកោរពប្រតិបត្តិតាំងពីដើមរៀងមក។

ក្នុងឱកាសប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃនាពេលនោះ, ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា ដោយសារជាប់រវល់ពីការបំពេញភារកិច្ចការពារសុវត្ថិភាពជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងស្ថិតក្នុងស្ថានភាពការរីករាលនៃជម្ងឺកូវីដ-១៩ផងនោះ ទើបថ្ងៃនេះឯកឧត្តម កិត្តិបណ្ឌិត បាននិមន្តព្រះសង្ឃចំនួន ៤៣វត្ត មកទទួលទៀនវស្សា ដើម្បីជាការឧទ្ទិសកុសលដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលបានបែកបាក់ចេតឋានទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលផងដែរជូនដល់នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានពលីមរណៈក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងសុវត្ថិភាពសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារនាពេលកន្លងមកនេះ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការប្រារព្ធធ្វើបុណ្យនេះបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រលាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរុងរឿង និងរីកចម្រើន។ ជាក់ស្តែង នៅក្នុងខេត្តកណ្តាល បាននឹងកំពុងសាងសង់នូវ ព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលអាចចុះចតយន្តហោះធុនធ្ងន់បាន ដែលនេះជាមោទនភាព និងមិនធ្លាប់មានរបស់កម្ពុជា។
ឯកឧត្តម កិត្តិបណ្ឌិត បានបញ្ជាក់ថា មានសម្តេចតេជោ គឺមានសុខសន្តិភាព និងការអភិវឌ្ឍន៍។ មានតែសុខសន្តិភាពទេ ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ។ យើងត្រូវបន្តការពារ និងគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីជារៀងរហូត។

ក្នុងឱកាសនោះ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានវេរប្រគេន៤៣វត្ត ក្នុងមួយវត្តៗ មានអង្ករ ២០០គ.ក, មី ០៥កេស, ត្រីខ ៤យួរ, ប៊ីចេង ០២គ.ក, ទឹកដោះគោ ១០កំប៉ុង, ទឹកក្រូច ០៥កេស, ទឹកសុទ្ធ ០៥កេស, ទឹកក្រូច ០៥កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ, ស្រាក់ចង្ហាន់ ១ស្រាក់ ទៀនវស្សា និងបច្ច័យ ២លានរៀល ព្រមទាំងបានប្រគេនព្រះសង្ឃ ក្នុងមួយអង្គៗបច្ច័យចំនួន ៤០ម៉ឺនរៀល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner