ប្រតិភូសហព័ន្ធសេវាអប់រំនៅកម្ពុជា អញ្ជើញសួរសុខទុក្ខវីរកងទ័ពជួរមុខទិសខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងស្មារតីសប្បុរសធម៌ និងស្នេហាជាតិឯកឧត្តមបណ្ឌិត ហុង លីម ប្រធាន សហព័ន្ធសេវាអប់រំនៅកម្ពុជា និងលោកជំទាវឧកញ៉ា សាយ សោភា អនុប្រធានសហព័ន្ធ បានដឹកនាំប្រតិភូ ក្រុមប្រឹក្សាភិបាល និងសមាជិកអញ្ជើញសួរសុខទុក្ខវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តឧត្តមានជ័យដោយនាំទៅជាមួយនូវអំណោយដែលប្រមូលបានពីមូលនិធិ។
មន្រ្តីក្រុមការងាររបស់សហព័ន្ធបានប្រាប់ឱ្យដឹងថា សកម្មភាពកាលពីចុងសប្តាហ៍នេះបានផ្តោតទៅលើបួនគោលដៅធំៗក្នុងខេត្តឧត្តរមានជ័យ ។ក្នុងនោះគោលដៅទី១. ផ្តល់វិទ្យុទាក់ទងចំនួន ១៥គ្រឿងនិងឯកសណ្ឋាន ៣០ ឈុត ដល់ប្រជាការពារក្នុងស្រុកចុងកាល់។គោលដៅទី២. ផ្តល់សម្ភារៈការិយាល័យ និងសម្ភារៈសិក្សា ដល់ការិយាល័យអប់រំស្រុកចុងកាល់។គោលដៅទី៣. ផ្តល់គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ដល់ជនភៀសសឹកចំនួន ៥០០ គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ និងគោលដៅទី៤. គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដល់វីរកងទ័ពជួរមុខ។
ក្នុងឱកាសនេះដែរ ប្រធានគណៈប្រតិភូសហព័ន្ធសេវាអប់រំនៅកម្ពុជាបានថ្លែងនូវការដឹងគុណនិងក្តីគោរពក្រៃលែងចំពោះវីរភាពដ៏អង់អាចក្លាហាន និងការលះបង់ខ្ពស់របស់វីរកងទ័ពជួរមុខ ។ទន្ទឹមនេះក៏បានថ្លែងអំណរគុណផងដែរដល់ស្មារតីចូលរួមសាមគ្គីរបស់សមាជិកសហព័ន្ធទាំងអស់ ដែលបានបរិច្ចាគថវិកា និងសម្ភារៈផ្សេងតាមរយៈមូលនិធិ។ សេចក្តីសប្បុរសធម៌នេះ មិនត្រឹមតែជួយសម្រាលបន្ទុកដល់ជនភៀសសឹកមួយគ្រាទេ ប៉ុន្តែជាកម្លាំងចិត្តដ៏ធំមួយ ឱ្យពួកគេមានសង្ឃឹមក្នុងការចាប់ផ្តើមជីវិតថ្មីវិញផងដែរ។
សូមជម្រាបថា ការចំណាយទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈរបស់គណៈប្រតិភូគិតជាទឹកប្រាក់ចំនួន ៨៧.៥៩៦.០០០ រៀល ឬស្មើនឹង ២១.៨៩៩ ដុល្លារអាមេរិក៕





ដោយ៖ម៉ាដេប៉ូ