រុស្ស៊ីគ្រោងបង្កើតបេសកកម្មអវកាសទៅកាន់ភពសុក្រ មុនឆ្នាំ ២០៣៦

មូស្គូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃទី១៧ ខែសីហាថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមបេសកកម្មអវកាសដ៏ធំមួយ មានឈ្មោះថា Venera-D ដែលមានគោលបំណងបញ្ជូនយានអវកាសទៅចុះចតលើផ្ទៃភពសុក្រឱ្យបានមុនឆ្នាំ២០៣៦ ហើយបេសកកម្មនេះបាននឹងកំពុងដំណើរការរួចហើយ។

បេសកកម្មអវកាសនេះ គឺជាផ្នែកមួយនៃកម្មវិធីអវកាសជាតិថ្មីរបស់ប្រទេសរុស្ស៊ី ហើយការងាររចនាជំហានដំបូងសម្រាប់បេសកកម្មនេះ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៦ ស្របពេលជាមួយនឹងការចាប់ផ្តើមគម្រោងអវកាសជាតិ នេះបើតាមការបញ្ជាក់របស់លោក Oleg Korablev ប្រធាននាយកដ្ឋានរូបវិទ្យាក្រៅភពនៅវិទ្យាស្ថានស្រាវជ្រាវអវកាស (IKI) នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS។

លោក Korablev និយាយថា ដំណាក់កាលដំបូងនៃការរចនាបេសកកម្មនេះ ត្រូវបានរំពឹងថា នឹងចំណាយពេលពីរឆ្នាំ ហើយការត្រៀមរៀបចំបានចាប់ផ្តើមដោយសហការជាមួយសមាគម Lavochkin ដែលជាសហគ្រាសឧស្សាហកម្មអវកាសរុស្ស៊ី រួមទាំងមានកិច្ចប្រជុំសម្របសម្រួលជាច្រើន ដើម្បីសម្រួលដល់វឌ្ឍនភាព។

ទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្របាននិយាយថា កាលបរិច្ឆេទចាប់ផ្តើមបេសកកម្មនឹងត្រូវបានកំណត់ បន្ទាប់ពីដំណាក់កាលរចនាជំហានដំបូងត្រូវបានបញ្ចប់ ហើយថា រឿងនេះពិតជានឹងកើតឡើងមិនលើសពីឆ្នាំ២០៣៦ទេ។

បេសកកម្ម Venera-D គ្រោងនឹងបញ្ជូនយានអវកាស ប៉េងប៉ោងយន្តរុករក និងគ្រឿងយន្តទៅចុះចតលើផ្ទៃភពសុក្រ។ ទោះបីជាយ៉ាងណា កាលពីដើមឆ្នាំនេះ នាយកវិទ្យាសាស្ត្រ និងជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអវកាស (IKI) លោក Lev Zeleny បាននិយាយថា ផែនការនេះទំនងជាមិនអាចរួចរាល់ នៅមុនឆ្នាំ២០៣៤ ឬ ២០៣៥ទេ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner