សហគ្រិនខ្មែរ និងសាកលវិទ្យាល័យជាតិបាត់ដំបងរួមគ្នារៀបចំកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម សហគ្រិននិស្សិត សម្រាប់រដូវកាលទី៣
បាត់ដំបង៖បន្ទាប់ពីបានទទួលជោគជ័យនាពេលកន្លងមក ខណៈនេះសហគ្រិនខ្មែររួមគ្នាជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង(NUBB)បានរៀបចំនូវកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម សហគ្រិនមហាវិទ្យាល័យនៃសាកលវិទ្យាល័យជាតិបាត់ដំបងសម្រាប់រដូវកាលទី៣ (NUBB UniPreneur’s Business Model Competition Season ៣)។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តភាពនិងសហគ្រិនភាពទៅដល់និស្សិត ដោយប្រែក្លាយនូវគំនិតច្នៃប្រឌិតរបស់និស្សិត ឱ្យក្លាយទៅជាផលិតផលឬសេវាកម្ម។

ក្នុងកម្មវិធីដែលរៀបចំឡើងនៅចុងសប្ដាហ៍មានការចូលរួមពីសហគ្រិននិស្សិត៤៨នាក់ និងម្ចាស់អាជីវកម្មចំនួន៤នាក់ ដែលមកពីក្រុងបាត់ដំបងក្រោមវត្តមានឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ , គណៈគ្រប់គ្រងសាលា, សាស្ត្រាចារ្យ, ក្រុមនិស្សិតបេក្ខជន,និស្សិត និងភ្ញៀវកិត្តិយសជាង ១០០ នាក់ ។

តាមរយ:នៃកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មនេះ ក្រុមនិស្សិតចំនួន៤៨នាក់ក្នុងចំណោម ១១ក្រុម ដែលមានសមត្ថភាពបានធ្វើបទបង្ហាញនូវគំនិតធុរកិច្ចថ្មី ជូនដល់ក្រុមគណៈកម្មការ ដែលជាសហគ្រិនមានបទពិសោធន៍ និងជា អ្នកដឹកនាំក្នុងវិស័យនវានុវត្តន៍ ជាច្រើនរូប។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលបានបញ្ជាក់ទៅកាន់អ្នកចូលរួមថាកម្មវិធីថ្ងៃនេះ យុវសិស្សមានឱកាសបង្កើតនវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្ស ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ចំណែកឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានផ្តល់នូវអនុសាសន៍គន្លឹះថា«ដើម្បីអភិវឌ្ឍសហគ្រាសពីធុនតូច ទៅជាធុនមធ្យម និងពីធុនមធ្យមទៅជាធុនធំ និង ចុងក្រោយ ក្លាយជាក្រុមហ៊ុនអន្តរជាតិ។សហគ្រាសត្រូវការធាតុបីសំខាន់គឺហិរញ្ញវត្ថុ បច្ចេកវិទ្យា និង សហគ្រិនភាព។សហគ្រិនមហាវិទ្យាល័យ,សាកលវិទ្យាល័យជាតិបាត់ដំបង អាចជួយពង្រឹងសមត្ថភាព សហគ្រិនភាពនិងសមត្ថភាពបច្ចេកវិទ្យាបន្ថែមលើហិរញ្ញវត្ថុ ដើម្បីជួយសម្រេចបេសកកម្ម នៃ ការពង្រីកខ្លួន របស់សហគ្រាស និងដើម្បីបង្កើតការងារដែលមានផលិតភាពក្នុងចំនួនច្រើន»។

ចំណែកលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា ក្រុមនិស្សិតជ័យលាភី៣ក្រុមត្រូវបានជ្រើសរើសដើម្បីទទួលបានពានរង្វាន់ និងមានឱកាសចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលធុរកិច្ចថ្មីក្នុងកម្មវិធី UnipreneurSprint តាមអនឡាញ រយៈពេល ៤សប្តាហ៍ មុននឹងពួកគេទៅបន្តការប្រកួតប្រជែងថ្នាក់ជាតិ Unipreneur National Challengeដើម្បីទទួលបាននូវពានរង្វាន់ក្នុងព្រឹត្តិការណ៍ Awards Night ពីសហគ្រិនខ្មែរ (Khmer Enterprise)នៅពេលខាងមុខ។ចំពោះក្រុមនិស្សិតឆ្នើមចំនួន២៥នាក់ ដែលត្រូវនឹង៥ ឬ៦ក្រុម ដែលមានចំណាត់ថ្នាក់លើគេនៅវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាស ក្លាយជាក្រុមជម្រើស ចូលរួមក្នុងកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី Unipre neurCamp នៅសាកលវិទ្យាល័យជាតិមានជ័យរយៈពេល៣ថ្ងៃ ពីថ្ងៃទី១២ រហូតដល់ ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៥ ក្នុងចំណោមនិស្សិតសាកលវិទ្យាល័យផ្សេងៗទៀត។រាល់ព័ត៌មានលម្អិតបន្ថែម ពីកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្ម របស់សហគ្រិនមហាវិទ្យាល័យសាកលវិទ្យាល័យជាតិបាត់ដំបង អាចទំនាក់ទំនងតាមលេខទូរសព្ទលោក ពក បញ្ញាពេជ្រ ០៨៩ ៩៥៩ ៨៧១និងលោកបណ្ឌិត ថាច់ ប៊ុនរឿន ០១២ ៥២៦ ២០៣
៕.
អត្ថបទ-រូបភាព÷ អ៊ុក សំអាន ប.ប
