ឯកឧត្តមហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅជូនអ្នកស្រី អេន ស៊ីណា ភរិយាវីរយុទ្ធជនជួរមុខ
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥ នេះបានអមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកងមាស អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយា វីរយុទ្ធជនជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស មានកូនក្នុងបន្ទុកចំនួន២នាក់មានគ្រួសារជាយុទ្ធជនឈ្មោះ ផុន សុធា កំពុងឈរជើងការពារព្រំដែនកម្ពុជានៅចំណុចមុំបី ខេត្តព្រះវិហារ ។

អំណោយដែលត្រូវបានផ្តល់ជូនមាន៖ម៉ូតូមួយគ្រឿង សម្ភារៈបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ទន្ទឹមនោះគម្រោងផ្ទះថ្មីមួយខ្នង និងបន្ទប់អនាម័យមួយ ក៏ត្រូវបានចាប់ចាក់គ្រឹះព្រមគ្នាផងដែរ ដែលតាមមេជាងបានបញ្ជាក់ថា សំណង់នេះនឹងសាងសង់រួចរាល់នៅដើមខែក្រោយ៕
ដោយ៖លី ពៅ




