ក្រសួងការបរទេសបង្ហាញការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃជូនដល់បណ្តាអង្គទូត និងតំណាងទីភ្នាក់ងារ​អ.ស.ប​

ភ្នំពេញ៖លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំកិច្ច​ប្រជុំ​សង្ខេបព័ត៌មាន​ជូនដល់សមាជិកអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហ​ប្រជាជាតិប្រចាំកម្ពុជា ស្តីពី​ការវិវត្តថ្មីៗនៃសភាពការណ៍តាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានផ្តល់ព័ត៌មានជាទូទៅអំពីកិច្ចប្រជុំ​ពិសេស​ស្តីពី​ស្ថានការណ៍រវាង​កម្ពុជា​និងថៃកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ប្រទេស​ម៉ា​ឡេស៊ី ដែលនាំឱ្យមានកិច្ចព្រមព្រៀង បទឈប់បាញ់។ លោកជំទាវ​បានធ្វើ​បច្ចុប្បន្នភាពបន្ថែមទៀតជូនដល់អ្នកចូលរួម អំពីកិច្ចប្រជុំវិសាមញ្ញរបស់ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែល​បាន​បិទ​បញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ ដែល​កិច្ច​ប្រជុំនេះបានជំរុញឱ្យមានវឌ្ឍន​ភាពអំពីការ​អនុវត្តបទឈប់បាញ់ និងជំហាន​ដំបូង ដើម្បីឆ្ពោះទៅរកការស្តារប្រក្រតីភាព។

លោកជំទាវរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះ​កំណើននៃការគំរាមកំហែង មកលើ​បទឈប់បាញ់ដែលផុយស្រួយ ដោយ​លើកឡើងពីសកម្មភាពកំពុងប្រព្រឹត្តនានារបស់កងទ័ពថៃ រួមមាន ការ​ចល័តទ័ព ការធ្វើផ្លូវនិងជីកលេណដ្ឋាន ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ការប្រើប្រាស់ដ្រូនរំលោភ ចូលមកក្នុងដែនអាកាស​កម្ពុជា ការបំផ្លិចបំផ្លាញផ្ទះ​សម្បែង និងការរាយលួសបន្លា និងដាក់របាំងផ្សេងៗ។ សកម្មភាពទាំងនេះ​បានរារាំងអ្នក​ភូមិកម្ពុជា មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន។

ដោយអះអាងសារជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ចំពោះបទ​ឈប់បាញ់ លោកជំទាវ អ៊ាត សោភា បានអំពាវនាវដល់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងៗទៀត ឱ្យពន្លឿនការ បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសតាមរយៈការបញ្ចប់​ឱ្យបានឆា ប់នៃលក្ខខណ្ឌប្រតិបត្តិ (TOR) ។

លោកជំទាវបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី សម្រាប់តួនាទី​បុរេសកម្ម ក្នុងកិច្ចការនេះ និងបានគូសបញ្ជាក់​អំពី​ជំហរជាគោលការណ៍​របស់កម្ពុជាដែលថា ពុំមានព្រំដែនអន្តរជាតិណាត្រូវបានផ្លាស់ប្តូរដោយការ​ប្រើប្រាស់កម្លាំង​នោះទេ ព្រមទាំងបានជំរុញដល់ប្រទេសថៃឱ្យគោរព និងអនុវត្តឱ្យបាន ពេញលេញនូវបទឈប់បាញ់នេះ និងដោះ​ស្រាយ​វិវាទព្រំដែន ដោយផ្អែកតាមច្បាប់អន្តរជាតិ។

លោកជំទាវ អ៊ាត សោភា បានបដិសេធដាច់អហង្ការលើការចោទប្រកាន់​ទាំងឡាយដែលថា កម្ពុជាបានដាក់មិនថ្មី ដោយបានបញ្ជាក់ឡើងវិញពីការ​ប្រកាន់ភ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះអនុសញ្ញាអូតាវ៉ា និង ការប្តេជ្ញាចិត្ត​ចំពោះ​សន្តិភាពយូរអង្វែង។ លោកជំទាវបានអះអាងអំពីការត្រៀមខ្លួនរបស់កម្ពុជា ដើម្បីចាប់ ផ្តើមប្រតិបត្តិ​ការដោះមីន​រួមគ្នាជាមួយប្រទេសថៃ នៅតំបន់ដែលមានខណ្ឌសីមាច្បាស់​លាស់ ឬតំបន់មិនមានវិវាទ ដោយសង្កត់ធ្ងន់ថា នៅតំបន់មានវិវាទការ​អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពចំពោះ កិច្ចព្រមព្រៀងបទ​ឈប់បាញ់ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ និងកំណត់ហេតុនៃកិច្ច​ប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៥ គឺមានភាពចាំបាច់។ ការណ៍នេះមានសារៈសំខាន់ណាស់​សម្រាប់ធានា​បាននូវសន្តិភាព និងស្ថេរភាព និងសម្រាប់បង្កើតលក្ខខណ្ឌ ចាំបាច់នានា សម្រាប់គណៈកម្មការចំរុះកិច្ចការព្រំដែន​ស្តីពីការខ័ណ្ឌសីមា​ព្រំដែនគោក បន្តការងាររបស់ខ្លួន នៅលើដីជាក់ស្តែង។

លោកជំទាវ អ៊ាត សោភា ក៏បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំពិសាតែ ដែលបានរៀបចំធ្វើនៅក្រៅ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ចិន និងថៃ។ ក្នុងកិច្ចប្រជុំនេះ កម្ពុជានិងថៃ បានអះអាង​សារជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការ​លើកកម្ពស់ការចូលរួម ធ្វើឱ្យប្រសើរឡើងនូវការ ទំនាក់ទំនង និងធ្វើការងារ​ឆ្ពោះ​ទៅរកការបន្តនៃទំនាក់ទំនងជាប្រក្រតីដូចកាលពីដំបូង និងការស្តារស្ថេរ​ភាព តាមបណ្តោយ​ព្រំដែន។ លោកជំទាវបាន​សម្តែងអំណរគុណដល់​ប្រទេស​ចិន ចំពោះការកោះប្រជុំដ៏មាន សារៈសំខាន់នេះ និងចំពោះ​ការប្តេជ្ញាចិត្តរបស់​ចិន ក្នុងការបន្តដើរតួនាទីស្ថាបនា ជាពិសេសការជួយដល់ ការដោះមីននៅ​តាមតំបន់ព្រំដែន ដែលឯកភាពដោយ​ប្រទេសកម្ពុជា និងថៃ។

សូមជម្រាបថា នេះគឺជាកិច្ចប្រជុំសង្ខេបព័ត៌មានផ្លូវការលើកទី៣ ដែលរៀបចំ​ដោយក្រសួងការបរទេស ជូនអង្គទូត​បរទេស និងភ្នាក់ងារអង្គការសហ​ប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជានៅក្នុង គោលបំណងជម្រាបជូន​អំពី​ការវិវត្តថ្មីៗ អំពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៕
ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner