វៀតណាមត្រៀមនាំចេញដ្រូនធុនធ្ងន់ ៥០០០គ្រឿងទៅកូរ៉េខាងត្បូង

ហាណូយ ៖ វៀតណាមនឹងនាំចេញយន្តហោះដ្រូនធុនធ្ងន់រហូតដល់ ៥.០០០គ្រឿងទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីក្រុមហ៊ុន CT Group របស់វៀតណាម និង ក្រុមហ៊ុន Airbility របស់កូរ៉េខាងត្បូង ថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់យន្តហោះគ្មានមនុស្សបើកជាលើកដំបូង និងជាជំហានដ៏សំខាន់មួយ សម្រាប់វិស័យផលិតផលបច្ចេកវិទ្យាខ្ពស់របស់ប្រទេសវៀតណាម នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VNexpress។

អ្នកនាំពាក្យក្រុមហ៊ុន CT Group បាននិយាយថា ក្រុមហ៊ុនខ្លួនស្ទាត់ជំនាញខាងផ្នែកបច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍយន្តហោះដ្រូនម៉ូដែល UAV ចំនួន ១៦ ប្រភេទ ដែលមានសមត្ថភាពខុសៗគ្នា ហើយកំពុងត្រៀមផលិតជាលក្ខណៈពាណិជ្ជកម្ម។

យន្តហោះដ្រូនធុនធ្ងន់ ដែលផលិតដោយក្រុមហ៊ុន CT UAV អាចដឹកទំនិញមានទំងន់ចាប់ពី ៦០ ដល់ ៣០០គីឡូក្រាម ហើយមានអត្រាផលិតក្នុងស្រុកដល់ទៅ ៨៥%។

យន្តហោះគ្មានមនុស្សបើកទាំងនេះអាចប្រើប្រាស់ក្នុងវិស័យជាច្រើន មានដូចជា វិស័យកសិកម្ម ដឹកជញ្ជូនទំនិញ ការគ្រប់គ្រងទីក្រុង សន្តិសុខ ការពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ។

លើសពីនេះ ក្រុមហ៊ុនក៏កំពុងអភិវឌ្ឍដ្រូន UAV ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) រួមបញ្ចូលជាមួយបច្ចេកវិទ្យា semiconductor និងប្រព័ន្ធកំណត់ទីតាំងតាមអ៊ីនធើណិតកម្រិតខ្ពស់ផងដែរ។

យោងតាមការវាយតម្លៃរបស់ស្ថាប័ន Markets & Data បានឱ្យដឹងថា ទីផ្សារដ្រូន UAV របស់វៀតណាមមានតម្លៃប្រហែល ៧៣លានដុល្លារនៅក្នុងឆ្នាំ ២០២៣ ហើយអាចនឹងកើនឡើងដល់ ១៩១លានដុល្លារក្នុងឆ្នាំ ២០៣១៕

ប្រភព ៖ VNexpress ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner