មេធំអ៊ីស្រាអែលថា បាតុកម្មឲ្យបញ្ចប់សង្គ្រាម ដូចលើកទឹកចិត្តពួកហាម៉ាស់

ហ្ស៊េរុយសាឡិម ៖ មេដឹកនាំប្រទេសអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានប្រកាសចាត់ទុកការធ្វើបាតុកម្មក្នុងប្រទេស អំពាវនាវឱ្យបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា គឺជាការលើកទឹកចិត្តដល់ក្រុមប្រដាប់អាវុធ ហាម៉ាស។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានលើកឡើងបែបនេះ ខណៈដែលក្រុមបាតុករ បានដើរតាមផ្លូវនានាទូទាំងប្រទេសអ៊ីស្រាអែល ទាមទារឲ្យបញ្ចប់សង្គ្រាម អូសបន្លាយប្រមាណ ២២ខែមកនេះ នៅក្នុងតំបន់ហ្គាហ្សា។

លោក Benjamin Netanyahu បានអះអាង ប្រាប់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ថា «អ្នកដែលអំពាវនាវ នៅថ្ងៃនេះ ឱ្យបញ្ចប់សង្រ្គាម ដោយគ្មានជ័យជំនះលើក្រុម Hamas គឺមិនត្រឹមតែពង្រឹងក្រុមប្រដាប់អាវុធ Hamas និងពន្យារពេលការដោះលែងចំណាប់ខ្មាំងរបស់យើង ប៉ុណ្ណោះទេ តែ ពួកគេថែមទាំងធានា ថា ភាពភ័យរន្ធត់ នៃ ថ្ងៃទី ៧ ខែតុលា នឹងកើតឡើងម្តងហើយម្តងទៀត»។ ជាអ្វីដែលលោកចង់សំដៅលើ ការវាយប្រហាររបស់ពួកហាម៉ាស់ លើភាគខាងត្បូង អ៊ីស្រាអែល ស្លាប់មនុស្ស ជាង១ពាន់នាក់ កាលពីឆ្នាំ២០២៣។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់ បានធ្វើបាតុកម្ម ទាមទារឲ្យបញ្ចប់សង្គ្រាមនៅហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង ដោយពួកគេអះអាងថា សង្គ្រាមពីមុនត្រឹមត្រូវ តែពេលនេះ គ្មានន័យទេ។ ការតវ៉ានេះ បានកើតមាន នៅជាងមួយសប្តាហ៍ បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខ របស់អ៊ីស្រាអែលបានអនុម័ត ផែនការដណ្តើមយកក្រុងហ្កាហ្សាទាំងស្រុង ក្រោយរយៈពេល ២២ខែក្នុងសង្រ្គាម ដែលបានបង្កើតវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងទឹកដីប៉ាឡេស្ទីន។

ក្រុមយុទ្ធនាការវេទិកា «ចំណាប់ខ្មាំង និងគ្រួសារអ្នកបាត់ខ្លួន» បានប្តេជ្ញា កាលពីថ្ងៃអាទិត្យ ថា ក្រុមអ្នកតវ៉ានឹង «បិទប្រទេស» ជាមួយនឹងគោលដៅ នាំយកចំណាប់ខ្មាំងមកវិញ និង បញ្ចប់សង្រ្គាម។

ជាការកត់សម្គាល់ ថ្មីៗនេះ នៅទូទាំងប្រទេស បាតុករបានបិទសរសៃឈាមចរាចរណ៍, ដុតកង់រថយន្ត និង ប៉ះទង្គិចជាមួយប៉ូលិស។ អ្នកអនុវត្តច្បាប់ បាននិយាយថា បាតុករ ជាង៣០នាក់ ត្រូវបានចាប់ខ្លួន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner