ព្រះចៅអធិការវត្តអង្គមេត្រី និងសប្បុរសជន បរិច្ចាគអំណោយដល់សាលាឃុំភ្នំក្រាំងដីមាស សម្រាប់ការងារមនុស្សធម៌
កំពង់ឆ្នាំង៖ ជារៀងរាល់ឆ្នាំ ព្រះចៅអធិការវត្តអង្គមេត្រី ហៅ វត្តព្រះឃ្លាំង ព្រះនាម នួន សាវ៉ាត និង សប្បុរសជនជិតឆ្ងាយតែងតែបានរៀបចំអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈនានាបរិច្ចាគដល់សាលាឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សម្រាប់រដ្ឋបាលឃុំ ប្រើប្រាស់ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ទីទ័លក្រ ប្រជាជនជួបគ្រោះថ្នាក់ជាយថាហេតុ ពិធីបុណ្យសព និងគ្រួសារវីរកងទ័ពជាដើម។
កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តអង្គមេត្រី ហៅ វត្តព្រះឃ្លាំង និងសប្បុរសជនបានបរិច្ចាគដល់សាលាឃុំភ្នំក្រាំងដីមាសរួមមាន អង្ករ២តោន,ទឹកសុទ្ធ២៥កេស , ទឹកត្រី២៥យួរ , ទឹកស៊ីអ៊ីវ២៥យួរ ។សរុបជាទឹកប្រាក់ចំនួន ៤.៤៣៧.៥០០រៀល។
ព្រះតេជគុណ នួន សាវ៉ាត ព្រះចៅអធិការវត្តអង្គមេត្រីមានសង្ឃដីកាថា អំណោយជាច្រើនមុខដែលបរិច្ចាគដល់សាលាឃុំភ្នំក្រាំងដីមាសនាពេលនេះ ដើម្បីទុកចាត់ចែងដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត ។ ព្រះចៅអធិការក៏បានសូមជូនបុណ្យកុសលទាំងអស់នេះ ដល់ម្ចាស់ជំនួយទាំងអស់។
ចំណែកលោក យី ភួន មេឃុំភ្នំក្រាំងដីមាសបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ព្រះសង្ឃនិងសប្បុរសជនទាំងអស់។លោកថា កាយវិការនេះឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងមូលដ្ឋាន ។លោកថា លោកនឹងចាត់ចែងយកអំណោយទាំងនេះទៅផ្តល់ជូនចំគោលដៅ៕
ដោយ៖សុខ គឹមសៀន
