រយៈពេលជាង៧ខែ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បង្កាត់បានកូនអណ្តើកជាង២០០ក្បាល

ភ្នំពេញ៖ ចាប់ពីរដូវបង្កាត់ពូជអណ្តើកទឹកនិងអណ្តើកគោកគិតចាប់ពី​ដើមឆ្នាំមកដល់ពេលនេះ មជ្ឈមណ្ឌលអង្គរ​សម្រាប់ការអភិរក្សជីវៈ​ចម្រុះ(ACCB)បានទទួលកូនអណ្តើក​រហូតដល់ចំនួន២១១ក្បាល ដែល​ញាស់ចេញពី​អណ្តើក ៥ ប្រភេទផ្សេងៗគ្នា។

ប្រភព ACCB បានឱ្យដឹងថា ”រដូវកាលបង្កាត់ពូជមិនទាន់ចប់នៅឡើយ ។ចំនួននេះនៅតែកើនឡើង ដែលជា​ដំណឹងដ៏អស្ចារ្យសម្រាប់ពួកយើង​ទាំងអស់គ្នា ហើយក៏ជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែង និងការលះ​បង់របស់​ក្រុមការងារ ACCB នេះ”។

ប្រភពដដែលបន្តថា គោលដៅមួយក្នុងចំណោមគោលដៅចម្បងរបស់ ACCB គឺការបង្កាត់ពូជនូវអណ្តើកទឹក និង​អណ្តើកគោកដែលជាប្រភេទជិតផុតពូជ និងមានគោលបំណងលែងកូនចៅពួកវា ដើម្បីបង្កើននូវចំនួន​ប្រជា​សាស្ត្រ​ពួកវានៅក្នុងជម្រកធម្មជាតិ។ ការបង្កាត់ពូជអណ្តើកទឹក និងអណ្តើកគោក មិនមែនកើតឡើង​ដោយគ្មាន​បញ្ហា​ប្រឈមនោះទេ ហើយក្រុមការងាររបស់ ACCB បានចំណាយពេលជាច្រើនឆ្នាំក្នុងការកែសម្រួលបច្ចេកទេស ដើម្បីជំរុញការបង្កាត់ពូជឱ្យទទួលបានដោយជោគជ័យ ព្រមទាំងធានាឱ្យបាន​នូវអត្រាខ្ពស់នៃការ​រស់រានមាន​ជីវិតរបស់កូនក្នុងស៊ុត និងកូនអណ្តើកតូចៗ​ដែល​ទើបតែញាស់។

ប្រភេទសត្វអណ្តើកទឹក និងអណ្តើកគោកជាច្រើនមានតម្រូវការជាក់លាក់ នៅពេលដែលពួកវាកាយសំបុកពង ដូចជាសំណើមជាក់លាក់ ទឹកភ្លៀង ស្ថានភាពដី និងជម្រៅជាដើម។ ACCB បញ្ជាក់ថា​បើគ្មានការរួមផ្សំត្រឹម​ត្រូវ​នៃសមាសធាតុទាំងនេះទេ អណ្តើកញីក៏វាមិនពង ហើយបើពង ស៊ុតក៏នឹង​មិនញាស់ដែរ។ ប្រភេទសត្វនីមួយៗ មានតម្រូវការខុសៗគ្នា ដូច្នេះវាត្រូវការ​ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីធានាថាប្រភេទនីមួយៗត្រូវ​បានផ្តល់នូវ​លក្ខខណ្ឌ​ដ៏សមស្របជារៀងរាល់ឆ្នាំ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner