លោក ត្រាំ ទទួលជួបលោក ហ្សេលែនស្គី ជាមួយនឹងសុទិដ្ឋិនិយម លើកិច្ចព្រមព្រៀងសន្តិភាព

វ៉ាស៊ីងតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១៨ ខែសីហា បានទទួលស្វាគមន៍ លោក ហ្សេលែនស្គី ជាមួយនឹងសុទិដ្ឋិនិយមថ្មី លើកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ីនិងអ៊ុយក្រែន។

មេដឹកនាំអាមេរិក រូបនេះ ផ្តល់ឱ្យប្រធានាធិបតីអ៊ុយក្រែន នូវការស្វាគមន៍ ជាមិត្តភាព ដោយមានទាំងលឺសម្លេងសើច រួមគ្នា អំឡុងជំនួបពិភាក្សា នៅសេតវិមាន នាពេលនោះ។ នៅក្រោយជំនួប លោក Donald Trump បាននិយាយថា លោកបានចាប់ផ្តើម រៀបចំកិច្ចប្រជុំសន្តិភាព ពីរភាគី រវាង លោក Zelensky មេដឹកនាំអ៊ុយក្រែន និងលោក Putin មេដឹកនាំរុស្ស៊ី មុនពេលបន្តការចរចា បីភាគី ដែលពាក់ព័ន្ធនឹងរូបលោកផ្ទាល់។

ជុំវិញរឿងនេះ ប្រភពដែលបានដឹងអំពីលទ្ធផល ពិភាក្សានេះ បានបង្ហើបថា លោក ពូទីន បានប្រាប់លោក ត្រាំ ថា បានត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយ លោក ហ្សេលែនស្គី។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយទៀតថា អឺរ៉ុបអាចផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដោយទីក្រុងវ៉ាស៊ីនតោន ដើរតួជាអ្នកត្រួតពិនិត្យ។ ជាការកត់សម្គាល់ ក្រៅពីជួបលោក ហ្សេលែស្គី លោក ត្រាំ ក៏បានជួបមេដឹកនាំអឺរ៉ុបផងដែរ កាលពីថ្ងៃចន្ទ។

គួរបញ្ជាក់ថា ជំនួបកំពូលរវាងលោក ត្រាំ និង លោក ហ្សេលែនស្គី បានធ្វើឡើង នៅ៣ថ្ងៃ ក្រោយមេដឹកនាំអាមេរិក រូបនេះ បានជួប ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅរដ្ឋ អាឡាស្កា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner