ជំនួបកំពូលអាមេរិក-អឺរ៉ុប-អ៊ុយក្រែន នៅសេតវិមាន
វ៉ាស៊ីងតោន ៖ អំឡុងជំនួបកំពូលត្រីភាគី អាមេរិក-អឺរ៉ុប-អ៊ុយក្រែន នៅសេតវិមាន កាលពីថ្ងៃទី១៨ ខែសីហា មេដឹកនាំអឺរ៉ុប បានបញ្ជាក់ជាថ្មី ចំពោះការគាំទ្រ ដល់អ៊ុយក្រែន។
ប្លុកមួយនេះ ថែមទាំងអំពាវនាវឱ្យមានឯកភាព ប្រឆាំងនឹងរុស្ស៊ី ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ទៀតផង។
រីឯ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលបានចូលរួម ក្នុងពេលនោះដែរ បានសង្កត់ធ្ងន់ លើតម្រូវការ សម្រាប់ «ការធានាសន្តិសុខ»។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងនូវគំនិត នៃ «កិច្ចប្រជុំបួនជ្រុង» ដើម្បីកសាងសន្តិភាពយូរអង្វែង។
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា មិនគួរឲ្យមានការបន្តកិច្ចពិភាក្សា បន្ថែមទៀត បើនៅតែគ្មានបទឈប់បាញ់ នោះ។
គួរបញ្ជាក់ថា ជំនួបកំពូល រវាងលោក ត្រាំ, លោក ហ្សេលែនស្គី និងមេដឹកនាំអឺរ៉ុប បានធ្វើឡើង នៅ៣ថ្ងៃ ក្រោយពេលដែលប្រធានាធិបតីអាមេរិក រូបនេះ បានជួប ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅរដ្ឋ អាឡាស្កា។
ជាការកត់សម្គាល់ អំឡុងជំនួបទ្វេភាគីបន្ថែម ជាមួយលោក ហ្សេលែនស្គី លោក Donald Trump បាននិយាយថា លោកបានចាប់ផ្តើម រៀបចំកិច្ចប្រជុំសន្តិភាព ពីរភាគី រវាង លោក Zelensky មេដឹកនាំអ៊ុយក្រែន និងលោក Putin មេដឹកនាំរុស្ស៊ី មុនពេលបន្តការចរចា បីភាគី ដែលពាក់ព័ន្ធនឹងរូបលោកផ្ទាល់។ លោកបានឲ្យដឹងដែរថា អឺរ៉ុបអាចផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ហើយ ទីក្រុងវ៉ាស៊ីនតោន ដើរតួជាអ្នកត្រួតពិនិត្យ។
លោក ត្រាំ បានអះអាងថា ការទទួលស្វាគមន៍ លោក ហ្សេលែនស្គី លើកនេះ មានសុទិដ្ឋិនិយមថ្មី លើកិច្ចព្រមព្រៀងសន្តិភាព៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

