យុទ្ធនាការក្នុងការជួយចុះឈ្មោះរកការងារជូនពលករដែលត្រឡប់មកពីប្រទេសថៃនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេស

ភ្នំពេញ៖ ចាប់ពីនៅថ្ងៃចន្ទទី១៨ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានចាប់ផ្តើមបើកយុទ្ធនាការ​ចុះផ្ទាល់នៅតាម​សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ។

ប្រតិបត្តិការនេះនឹងបន្តធ្វើរហូតដល់​គ្រប់គោលដៅសហគ្រាស ក្រុមហ៊ុន និងរោងចក្រទូទាំងប្រទេស ដើម្បីក្តាប់​ជាប់នូវព័ត៌មានតម្រូវការការងារ បញ្ហាប្រឈម និងជួយសម្រប​សម្រួល​ជាមួយអ្នកគ្រប់គ្រងផ្នែកជ្រើសរើសកម្លាំងពលកម្មនៃសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលផ្តល់ការអនុគ្រោះទទួល​យកបងប្អូនពលករ​ខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានឱកាសការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រទាំងអស់នោះ។

ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែលបង្កើននូវភាពជាដៃគូយ៉ាងជិតស្និទ្ធ​ថែម​ទៀតរវាងអ្នកគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួមគ្នាក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខែ្មរជួយ​រកការងារឱ្យខ្មែរ ដើម្បី​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត។

បន្ថែមពីនេះ យុទ្ធនាការនេះក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រយកចិត្តទុកដាក់បំផុតនៅថ្ងៃចូល​ធ្វើការ​ដំបូងរបស់ពលករ និងសម្រួលឱ្យមានការបើកប្រាក់ឈ្នួលដោយផ្ទាល់ដៃ ឬតាមមធ្យោបាយ​បណ្តោះអាសន្នណាមួយ ដើម្បីបង្កភាពងាយស្រួលបន្ថែមទៀតជូនបង​ប្អូនពលករ ហើយលើសពីនេះ ក្រសួងក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សហការផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មមក​ក្រសួងរៀងរាល់ ២សប្តាហ៍ម្តង និងការចូលរួម​វេទិកាការងារ ឬយុទ្ធនាការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom ដែលក្រសួងរៀបចំ​ក្នុងករណីមានតម្រូវការជ្រើសរើសបុគ្គលិក៕ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner