ក្រសួងបរិស្ថានបានអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុនមួយដែលបំពុលបរិស្ថាននៅខេត្តព្រះសីហនុ
ភ្នំពេញ៖បន្ទាប់ពីបានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយនេះ។
មន្រ្តីក្រុមការងាបានឱ្យដឹងថា បណ្ដាវិធានការច្បាប់មានដូចជា ៖ ត្រូវពិន័យអន្ដរការណ៍ករណីពុំមានកិច្ចសន្យាការពារ បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ ល្មើសនឹងមាត្រា៦៥៤ មាត្រា៦៦៨ មាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថានដាក់ជូនក្រសួងបរិស្ថាន ពិនិត្យនិងផ្ដល់យោបល់និងត្រូវ ស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងបរិស្ថាន, ត្រូវដំណើរការប្រព័ន្ធសម្អាតផ្សែងឡចំហាយឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងជាប់ជាប្រចាំ,ត្រូវរៀបចំ និងចោះបំពង់ផ្សែងចេញពីឡចំហុយឥដ្ឋសម្រាប់ក្រុមការងារធ្វើការវាស់គុណភាពខ្យល់ចេញពីបំពង់ផ្សែង។
ជាមួយគ្នានេះក្រុមការងារ ក្រសួងបរិស្ថានបន្តសហការជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ តាមដានវិធានការច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនអនុវត្តចាប់ពីពេលនេះរហូតដល់ក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់និងបទដ្ឋានបរិស្ថានដើម្បីទប់ស្កាត់កុំឱ្យមានការបំពុលបន្តទៀតផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហាក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ ជាប្រភេទរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារៈសំណង់ (ផលិតឥដ្ឋ) មានបុគ្គលិក និងកម្មករ ៥០នាក់ និងបើកដំណើរការនៅឆ្នាំ២០១៩។
ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនបានដំណើរការកន្លងមកនេះ ពុំទាន់មានលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងបរិស្ថាននៅឡើយ។នៅផ្នែកខាងក្រៅក្រុមហ៊ុនមានផ្សែងចេញពីបំពង់ផ្សែងពណ៌ក្រមៅពុំមានក្លិននោះទេ។ ដោយឡែកនៅក្នុងទីតាំង ក្រុមហ៊ុនប្រើប្រាស់ឡចំហាយចំនួន១ មានសមត្ថភាព ១០t/h ប្រើប្រាស់ Biomass Pellets ក្នុងបរិមាណប្រហែល ១០តោន/ថ្ងៃ និងបានបំពាក់នូវប្រព័ន្ធ Cyclone សម្រាប់សម្អាតផ្សែង និងមានឡសម្រាប់ចំហុយឥដ្ឋចំនួន៨គ្រឿង។ ក្រុមការងារបន្តពិនិត្យគុណភាពខ្យល់ នៅកន្លែងឡចំហុយឥដ្ឋរបស់ក្រុមហ៊ុន ដែលបំពង់ផ្សែងពុំមានចោះរន្ធ និងមានសភាពក្ដៅខ្លាំង នៅពេលដំណើរការផលិតកម្ម៕






ដោយ៖ង៉ាន់ ទិត្យ